Yearendyearend1140x150

កិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាមអាចនឹងបញ្ចប់នីតិវិធីផ្ទៃក្នុងនាពេលឆាប់ៗ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ វៀតណាមបានឯកភាពនឹងពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដោយបច្ចុប្បន្នវៀតណាមកំពុងឆ្លងនីតិវិធីផ្ទៃក្នុង ដោយបានបញ្ជូនអត្ថបទកិច្ចព្រមព្រៀងជូនរដ្ឋាភិបាលវៀតណាមពិនិត្យរួចរាល់ហើយ ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ(ព្រៃវែង)-តឺនណាម(តៃនិញ) តាមដែលអាចធ្វើបាន ស្របពេលដែលថ្នាក់ដឹកនាំកំពូលទាំងពីរគ្រោងនឹងសម្ភោធច្រកទ្វារអន្តរជាតិនេះ នាពេលដ៏ខ្លីខាងមុខ។ នេះជាការលើកឡើងរបស់លោក Tran Quoc Khanh អនុរដ្ឋមន្រ្តីក្រសួងឧស្សហកម្ម និងពាណិជ្ជកម្មវៀតណាម នៅក្នុងកិច្ចពិភាក្សាការងារជាមួយលោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។

នាឱកាសនោះ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង អនុរដ្ឋមន្ត្រីវៀតណាម បានថ្លែងអំណរគុណគ្នាទៅវិញទៅមកអំពីឱកាសជួបពិភាក្សាការងារដើម្បីពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ដែលក្នុងឆ្នាំ២០២២កន្លងទៅពាណិជ្ជកម្មសរុបមានកំណើតរហូតដល់ជិត២០% ធៀបនឹងឆ្នាំ២០២១ ទោះពីប្រទេសទាំងរងឥទ្ធពលពីកូវីដ-១៩ និងអតិផរណាក៏ដោយ។

លើសពីនេះ លោក សុខ សុភ័ក្រ្ត ក៏បានស្នើសុំភាគីវៀតណាម ពិនិត្យលទ្ធភាពពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ(ព្រៃវែង)-តឺនណាម(តៃនិញ) ដោយនាពេលបច្ចុប្បន្ន គូភាគីនៅរង់ចាំតែ ពិធីសម្ភោធជាផ្លូវការនៃច្រកអន្តរជាតិនេះ ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ លោក Tran Quoc Khanh បានឱ្យដឹងថា ភាគីវៀតណាម ក៏កំពុងឆ្លងនីតិវិធីផ្ទៃក្នុងផងដែរ ដោយបានបញ្ជូនអត្ថបទកិច្ចព្រមព្រៀងជូនរដ្ឋាភិបាលវៀតណាមពិនិត្យរួចរាល់ហើយ និងបានរំពឹងថាភាគីទាំងពីរ នឹងអាចបញ្ចប់នីតិវិធីផ្ទៃក្នុងរៀងៗខ្លួននាពេលដ៏ខ្លីខាងមុខ។ លោកក៏បានឯកភាពនឹងពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ(ព្រៃវែង)-តឺនណាម(តៃនិញ) តាមដែលអាចធ្វើបាន ស្របពេលដែលថ្នាក់ដឹកនាំកំពូលទាំងពីរគ្រោងនឹងសម្ភោធច្រកទ្វារអន្តរជាតិនេះ នាពេលឆាប់ៗនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង