ភ្នំពេញ៖ គណៈកម្មការជាតិអូឡាំពិកកម្ពុជា កាលពីថ្មីៗនេះ បានស្នើដល់ សិស្ស និសិ្សត និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ និងម្ចាស់ផ្ទះនៃប្រទេសអាអាគ្នេយ៍ចូលរួមក្នុងពិធីរត់ដង្ហែរភ្លើងគប់កីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣ ដើម្បីអបអរសាទរ និងគាំទ្រការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «យើងបានជជែកគ្នាច្រើនអំពីរឿងការរត់ភ្លើងគប់ដែលចេញដំណើរពីខេត្តសៀមរាប ដើម្បីក្លាយទៅជាចលនាមួយសម្រាប់ធ្វើការក្រើនរម្លឹក ឬក៏ធ្វើការផ្សព្វផ្សាយពីភាពអស្ចារ្យនៃម្ចាស់ផ្ទះនៅកម្ពុជាយើង។ សូមអំពាវនាវថា ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅតាមបណ្ដាលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងកម្មករ កម្មការនីនៅតាមប្រទេសនីមួយៗ សិស្ស និសិ្សតឲ្យចូលរួមអបអរសាទរក្នុងការរត់ភ្លើងគប់នេះ។ លោកក៏បានសូមការយោគយល់ និងការចូលរួមទាំងអស់គ្នា ព្រោះថាខ្មែរទៅដល់ណាក៏ជាម្ចាស់ផ្ទះនៃការរៀបចំស៊ីហ្គេមរបស់យើងដែរ»។
គួរបញ្ជាក់ថា កម្ពុជានឹងរៀបចំព្រះរាជពិធីសុំព្រះអគ្គីកីឡា នាថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្តក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មក ព្រះអគ្គីកីឡានឹងត្រូវអុជទៅកាន់ភ្លើងគប់ (ដងសម្រាប់អុជភ្លើងគប់) ដើម្បីរត់ដង្ហែជុំវិញប្រាសាទអង្គរវត្ត មុនពេលថ្ងៃទី ២២ ខែ មីនានេះ កម្មវិធីភ្លើងគប់នឹងចាប់ផ្តើមចាក់ចេញពីកម្ពុជាទៅកាន់ប្រទេសទាំង ១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍រហូតដល់ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០២៣ ទើបត្រឡបមកកម្ពុជាវិញ៕