ភ្នំពេញ៖ កីឡាករគុនខ្មែរជម្រើសជាតិកម្ពុជា លោក ព្រំ សំណាង មានមហិច្ឆិតាចង់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនាពេលខាងមុខនេះ។
បើតាមគេហទំព័រហ្វេសប៊ុករបស់ កីឡាករគុនខ្មែរលោក ព្រំ សំណាង នៅថ្ងៃទី០៣មីនា បានសរសេរថា «ទោះបីជាលោកទទួលបានសមិទ្ធិផលធំៗចំនួនពីរនៅលើឆាកអន្តរជាតិនាពេលថ្មីៗនេះក៏ដោយ ក៏វាមិនប៉ះពាល់ដល់មហិច្ឆិតាចង់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ នៅកម្ពុជាក្នុងខែឧសភា ដែរ»។
លោក ព្រំ សំណាង បានបន្ថែមថា «និយាយពីស៊ីហ្គេមឆ្នាំ២០២៣ ខ្ញុំមិនភ្លេចធ្វើការឲ្យបានច្រើនទេ ខ្ញុំបានហ្វឹកហាត់ខ្លាំងតាំងពីស៊ីហ្គេមនៅវៀតណាម ហើយគោលដៅរបស់ខ្ញុំគឺចង់ឈ្នះមេដាយមាសឲ្យកម្ពុជាក្នុងស៊ីហ្គេមឆ្នាំនេះ»។
គួរបញ្ជាក់ថា លោក ព្រំ សំណាង នឹងត្រូវប្រកួតក្នុងប្រភេទទម្ងន់៨១គីឡូក្រាម ក្នុងវិញ្ញាសាគុនខ្មែរនៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ថ្វីត្បិតតែមមាញឹកនឹងការហ្វឹកហាត់មុនស៊ីហ្គេមឆ្នាំ២០២៣ក៏ដោយ ក៏សំណាងបានចូលប្រកួត Thai Fight ២ដង និងផ្ដួលគូប្រកួតឲ្យសន្លប់ក្នុងទឹកទី១ ទាំង២ប្រកួត និងបានលើកមុខមាត់គុនខ្មែរលើឆាកអន្តរជាតិផងដែរ៕