Yearendyearend1140x150

ក្រុមហ៊ុនសំណង់ដ៏ធំរបស់សិង្ហបុរីត្រូវការកម្លាំងពលកម្មពីកម្ពុជាលើផ្នែកសំណង់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុនសំណង់លំដាប់ថ្នាក់ទី១ របស់សិង្ហបុរី ស្នើសុំកិច្ចសហការពីកម្ពុជា ក្នុងការបញ្ជូនកម្លាំងពលកម្មផ្នែកសំណង់ ដើម្បីទៅបម្រើការងារនៅទីនោះ។ នេះជាការស្នើរបស់លោក Greory Lin នាយកប្រតិបត្តិក្រុមហ៊ុន KEN-PAL(S) PTE LTD ទៅកាន់ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីគាំទ្រក្រុមហ៊ុនក្នុងការបញ្ជូនកពលករផ្នែកសំណង់ អោយបានទៅធ្វើការនៅប្រទេសសិង្ហបុរីនាពេលខាងមុខ។ ជំនួបនេះធ្វើឡើងនាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។

ឯកឧត្តម អ៉ិត សំហេង បានគាំទ្រចំពោះការស្នើសុំរបស់ខាងក្រុមហ៊ុនសិង្ហបុរី ដែលថានេះជាឱកាសមួយបន្ថែមទៀតសម្រាប់ពលករកម្ពុជា ក្នុងការលើកកម្ពស់ជំនាញ ទទួលបានប្រាក់ចំណូល និងនាំយកចំណេះជំនាញមកជួយដល់សង្គមជាតិវិញ។ ឯកឧត្តមបន្តថា នៅកម្ពុជា វិស័យសំណង់នេះ រីកដុះដាលខ្លាំង លើការសាងសង់អគារ ហេដ្ឋារចនាសម្ព័ន្ធនានា។ ទន្ទឹមនឹងនេះ ឯកឧត្តមបញ្ជាក់ថា ក្រសួងផ្ទាល់ក៏មានការផ្តល់នូវការបណ្តុះបណ្តាលជំនាញផ្នែកសំណង់នេះដល់ប្រជាពលរដ្ឋ យុវជនកម្ពុជាក្នុងការពង្រឹងសមត្ថភាពបន្ថែមផងដែរ។

លោកនាយកប្រតិបត្តក្រុមហ៊ុនបានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនមកកម្ពុជានាពេលនេះ គឺដើម្បីជួបជាមួយសាស្រ្តាចារ្យផ្នែកសំណង់ស៊ីវិល នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និងវិទ្យាស្ថានជាតិពហុបច្ចេកទសកម្ពុជា ដើម្បីស្វែងយល់ពីកម្មវិធីសិក្សាដែលទាក់ទងនឹងសំណង់ស៊ីវិល។ លោកបានលើកឡើងថា ក្រុមហ៊ុនសំណង់របស់សិង្ហបុរីមួយនេះ បង្កើតឡើងតាំងពីឆ្នាំ១៩៨៩ ដែលផ្តោតលើឧស្សាហកម្មសំណង់ក្នុងស្រុក តាមតម្រូវការសំណង់អគារទាំងរដ្ឋ និងឯកជន ហើយទទួលបានពានរង្វាន់ឆ្នើមផ្នែកសំណង់ សុខភាព សុវត្ថិភាពការងារ និងបរិស្ថាន។

ឯកឧត្តម អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលមានប្រវត្តិយូរមកហើយ និងមានស្តង់ដារខ្ពស់ខាងផ្នែកសំណង់នេះ។ ពាក់ព័ន្ធកិច្ចសហការលើការងារកម្លាំងពលកម្ម នាពេលកន្លងមកកម្ពុជាបានបញ្ជូនស្រ្តីជំនួយការផ្ទះ ទៅសិង្ហបុរី ប្រមាណជាងមួយពាន់នាក់ សង្កេតឃើញថា ការជ្រើសរើស និងបញ្ជូនទៅធ្វើការនៅសិង្ហបុរី មានសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់សមរម្យ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង