Cc times  web banner kh

គម្រោងបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជាមានសរុប៩ក្នុងនោះរោងចក្រ៣បានដំណើរការរួចរាល់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីជាផ្លូវការដល់ក្រុមហ៊ុនចំនួន៩ដែលបានវិនិយោគលើគម្រោងបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជាដូចជា៖ ក្រុមហ៊ុន Hyundai Camko Motor, Daehan Auto, RMA Cambodia, HGB Motor Assembly, EM Automotive, GTV Motor, Toyot Tsusho Manufacturing, និង China Matrix Technology Group-Horche ហើយក្នុងនោះរោងចក្រចំនួន៣បានដំណើរការរួចរាល់។ នេះបើតាមរបាយការណ៍ដែលទទួលបានពីលោក សឿន ដារ៉ា នាយកប្រតិបត្តិនៃសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា។

លោក សឿន ដារ៉ា បានមានប្រសាសន៍ថា គិតមកទល់ពេលនេះ ចំនួនរោងចក្រដំឡើងរថយន្តនៅកម្ពុជានឹងកើនឡើងដល់ទៅ៩ ដែលក្នុងនោះមានរោងចក្រចំនួន៣បានដំណើរការរួចហើយ ហើយរោងចក្រដំឡើងរថយន្តចំនួន៣ដែលបានដំណើរការរួចហើយនោះ រួមមានក្រុមហ៊ុន Hyundai ស្ថិតក្នុងខេត្តកោះកុង, Daehan ក្រុងបាវិត ខេត្តស្វាយរៀង, និងរោងចក្រ Ford របស់ RMA Cambodia នៅខេត្តពោធិ៍សាត់។ រីឯរោងចក្រ Isuzu របស់កម្ពុជាដែលមានទីតាំងនៅខេត្តកំពង់ស្ពឺបានបញ្ចប់ការសាងសង់ហើយ និងត្រៀមបើកដំណើរការនៅក្នុងពេលឆាប់ៗនេះ។

របាយការណ៍បញ្ជាក់ថា សមាជិកសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា ប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍វិស័យឧស្សាហកម្មយានយន្តក្នុងផែនការរយៈពេលវែងដែលមានទំហំវិនិយោគគិតជាទឹកប្រាក់លើសពី១០០លានដុល្លារ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនFORD, TOYOTA, ISUZU, និងKIA បានបោះទិនវិនិយោគលើរោងចក្រដំឡើងរថយន្ដក្នុងទំហំវិនិយោគប្រមាណជាង៧០លានដុល្លារ និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណជាង១០០០កន្លែង។

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា គឺជាសមាគមដែលតំណាងឱ្យក្រុមហ៊ុនដែលទទួលបានសិទ្ធនាំចូល និងចែកចាយរថយន្តថ្មីក្នុងប្រទេសកម្ពុជា ហើយមានសមាជិកចំនួន២៨ម៉ាកយានយន្ត។ គោលបំណងសំខាន់របស់សហព័ន្ធ គឺជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មយានយន្តក្នុងប្រទេសកម្ពុជា ស្ថិតក្នុងលក្ខណៈត្រឹមត្រូវ ស្មើភាព តម្លាភាព និងបង្កើតឱ្យមានតុល្យភាព រវាងតម្រូវការក្រុមហ៊ុនដែលទទួលបានសិទ្ធនាំចូល និងចែកចាយរថយន្ត អ្នកប្រើប្រាស់និងនិយ័តករ។ នេះបើតាមរបាយការណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង