Yearendyearend1140x150

ក្រសួងបរិស្ថាន៖យុទ្ធនាការ«អន្ទាក់សូន្យ»ដំណាក់កាលទី១ជោគជ័យខ្លំាង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុទ្ធនាការ«អន្ទាក់សូន្យ»ដំណាក់កាលទី១ បានធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងអំពីសារៈសំខាន់ព្រៃឈើនិងសត្វព្រៃ។ បន្ថែមពីនេះទៀត ពួកគេថែមទាំងបញ្ឃប់ការដាក់អន្ទាក់ ហើយបែរមករកការប្រកបរបរ ដែលមិនប៉ះពាល់ធនធានធម្មជាតិទៀតផង។ ជាមួយគ្នានោះ ក៏មានប្រជាពលរដ្ឋមួយចំនួន បានចូលរួមជាមួយក្រសួងក្នុងការរាយការណ៍បទល្មើសផ្សេងៗ ដែលពាក់ព័ន្ធនិងសត្វព្រៃផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីអំពីយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ នាថ្ងៃទី០២ មីនា លោក នេត្រ ភក្ដ្រា បានមានប្រសាស៍ថា ការផ្សព្វផ្សាយនិងការអប់រំមិនអាចមានទិន្នន័យច្បាស់លាស់ទេ ប៉ុន្ដែអាចមើលឃើញអំពីបម្រែបម្រួលនៃឥរិយាបថ និងការចូលរួមរបស់ប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ«អន្ទាក់សូន្យ»នេះ។

តាមរយៈយុទ្ធនាការ«អន្ទាក់សូន្យ»នេះ លោក នេត្រ ភក្ដ្រា បានឱ្យដឹងថា មានភោជនីយដ្ឋានចំនួន៥២នៅក្នុងខេត្តចំនួន៦ដែលបានធ្វើកិច្ចសន្យា និងចូលរួមប្រកាសថា ជាភោជនីដ្ឋានដែលមិនលក់មុខម្ហូបធ្វើអំពីសាច់សត្វព្រៃ ហើយប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ ពួកគេទទួលបានសារអំពីយុទ្ធនាការអន្ទាក់សូន្យ ដែលបានផ្សព្វផ្សាយនៅក្នុងខេត្តទាំង៦ ពួកគេក៏ទទួលបានការយល់ដឹង និងមួយចំនួនបានចូលរួមអនុវត្ត។

យុទ្ធនាការអន្ទាក់សូន្យដែលមានរយៈពេល៦ខែ នេះ ក៏បានធ្វើអោយប្រជាពលរដ្ឋនៅតាមតំបន់ផ្សេងទៀត ដែលមិនស្ថិតនៅក្នុងតំបន់យុទ្ធនាការ បានទទួលការយល់ដឹងដែរ ដូចជានៅតំបន់ឱរ៉ាល់ ប្រជាពលរដ្ឋខ្លះបានបោះបង់នូវមុខរបរដាក់អន្ទាក់របស់ខ្លួន និងត្រឡប់មកធ្វើជាអ្នកនាំផ្លូវភ្ញៀវទេសចរណ៍នៅក្នុងព្រៃ និងមានពលរដ្ឋខ្លះលីឥវ៉ាន់ទៅលើភ្នំខ្នងផ្សារ និងខ្នងក្រពើ ដែលធ្វើអោយពួកគេទទួលបានប្រាក់ចំណូលចន្លោះពី ៥០ដុល្លារ ទៅ១០០ដុល្លារក្នុងមួយថ្ងៃ ហើយពួកគេអាចទទួលបានច្រើជាងនេះ ប្រសិនបើភ្ញៀវទេសចរណ៍ផ្ដល់លុយធីបច្រើន។

លោក នេត្រ ភក្ដ្រា បានបន្ដទៀតថា ការចូលរួមរបស់ប្រជាពលរដ្ឋកន្លងមក បានធ្វើអោយក្រសួងកត់សម្គាល់ឃើញថាការដាក់អន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិមានការធ្លាក់ចុះ។ ទាំងនេះជាសូចនាករមួយដែលអាចបញ្ជាក់ថាវាមានផលវិជ្ជមាន ប៉ុន្ដែក្រសួងមិនអាចកំណត់ច្បាស់លាស់បានទេថា តាមរយៈយុទ្ធនាការអន្ទាក់សូន្យ ក្រសួងបានផ្ដល់ការងារបែបណាខ្លះដល់ប្រជាពលរដ្ឋនោះទេ។ ប៉ុន្ដែក្រសួងអាចសម្គាល់កម្រិតនៃការផ្លាស់ប្ដូរការចូលរួមរបស់សាធារណៈជនទូទៅមានន័យថាស្មារតីការស្រឡាញ់និងចូលរួមការពារអភិរក្សធនធានធម្មជាតិ គឺកាន់តែមានភាពផុសផុល និងកាន់តែកើនឡើង។

លើសពីនេះ ពេលខ្លះប្រជាពលរដ្ឋឃើញសត្វព្រៃដែលដាក់លក់តាមដងផ្លូវជាសត្វដែលរស់ពួកគេទិញយកមក ហើយប្រាប់ដល់ក្រសួងដើម្បីទៅយកប្រលែង ឬថែរក្សាក្នុងករណីវាមានបញ្ហា។ ក្នុងនោះដែរក្នុងករណីឃើញមានការលក់សាច់សត្វព្រៃដោយខុសច្បាប់ ពួកគេក៏រាយកាណ៍កមកាន់ក្រសួងដែរ។ ដូច្នេះទោះបីជាមិនមានទិន្នន័យច្បាស់លាស់ ក៏ក្រសួងអាចសម្គាល់ឃើញថាយុទ្ធនាការ«អន្ទាក់សូន្យ»ដំណាក់កាលទី១ ទទួលបានផលវិជ្ជមាន។

គួរបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ មានរយៈពេល៦ខែ ផ្តោតលើខេត្តគោលដៅចំនួន៦ រួមមាន ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងរតនគិរី ហើយនាពេលខាងមុខនេះក្រសួងបរិស្ថាននឹងអនុវត្តយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដោយផ្តោតលើខេត្តគោលដៅចំនួន៦ នៃតំបន់ជួរភ្នំក្រវាញ ដូចជាខេត្តពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ប៉ៃលិន និងខេត្តសៀមរាប៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង