Yearendyearend1140x150

រោងចក្រជិត៥០០នៅកម្ពុជាបានសម្រេចចិត្តបិទទ្វារក្នុងឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ពេញមួយឆ្នាំ២០២២ រោងចក្រនៅកម្ពុជាប្រមាណជិត៥០០ បានសម្រេចចិត្តបិទទ្វារ មិនដំណើរការ ហើយបានប៉ះពាល់ដល់កម្មករនិយោជិតសរុបប្រមាណ ៥,៩ ម៉ឺននាក់ ខណៈរោងចក្រសហគ្រាសព្យួរការងារមានចំនួន ១០២។បច្ចុប្បន្ន ក្រសួងការងារកម្ពុជា កំពុងរិះរកវិធានការដើម្បីជួយដល់កម្មករដែលអត់ការងារធ្វើតាមរយៈ បណ្តុះបណ្តាលវិជ្ជាជីវៈ(TVET)។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ជូនដល់ ស៊ីស៊ីថាមស៍ថា នៅឆ្នាំ២០២២ នេះ រោងចក្របិទសរុបចំនួន ៤៩១ (ស្មើនឹងកម្មករនិយោជិត​សរុបប្រមាណ ៥,៩ ម៉ឺននាក់) និង រោងចក្រសហគ្រាសព្យួរការងារមានចំនួន ១០២។ចំពោះមូលហេតុនៃការបិទវិញមិនបានពន្យល់នោះទេ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានប្រាប់ ស៊ីស៊ីថាមស៍ ថា បច្ចុប្បន្នក្រសួងការងារ បានចាត់ក្រុមការងារ សហការជាមួយ​តំណាង​កម្មករនិយោជិត ដើម្បីដោះស្រាយ ផលប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិត និង ពន្យល់ចុះឈ្មោះផ្តល់ឱកាសការងារ ឬ ឱកាសបណ្តុះបណ្តាលជូនបងប្អូនកម្មករ។

បើតាមលោក ហេង សួរ ក្រសួងការងារ ក៏បានរៀបចំឱ្យមានការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាល សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេសរយៈពេល៤ខែ ដោយឥតបង់ថ្លៃ លើមុខជំនាញបច្ចេកទេស និង វិជ្ជាជីវៈមួយចំនួនសំខាន់ៗ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត សម្រាប់កម្មករនិយោជិត ដែលត្រូវបានព្យួរការងារ និងបាត់បង់ការងារ ដោយបានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម។

បើយោងតាមក្រសួងការងារ ទោះបីជាមានរោងចក្របិទទ្វាជិត៥០០ក្តី ក៏នៅមានរោងចក្រសហគ្រាសបើកថ្មីសរុបចំនួន ៣ ៧៤៨ (ស្មើនឹងកម្មករនិយោជិតសរុបប្រមាណ ១៤,៧ ម៉ឺននាក់)។ ក្រសួងបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាកំពុងខិតខំប្រឹងប្រែងធានា ការពារ និង លើកទឹកចិត្តវិនិយោគក្នុងវិស័យអាទិភាព និងលើកទឹកចិត្តដល់រោងចក្រសហគ្រាសឱ្យដំណើរការរយៈពេលយូរ ដើម្បីរក្សា និង បង្កើតការងារនៅកម្ពុជា ដោយទាក់ទាញរោងចក្រសហគ្រាសបើកថ្មីដែលផ្តល់តម្លៃបន្ថែមខ្ពស់ ឱ្យបានកាន់តែច្រើនជាង រោងចក្រដែលបិទ និង ព្យួរការងារ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង