ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៧ កុម្ភៈ បានប៉ាន់ស្មានពេញមួយឆ្នាំ២០២៣ថា កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ៤លាននាក់ និង ទេសចរជាតិប្រមាណ១៥លាននាក់។ការលើកឡើងបែបនេះរបស់សម្តេច ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១១ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ នៅតែជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់មួយសម្រាប់ជាតិ ក្នុងនោះសម្រាប់ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ២.២លាននាក់ កើនឡើង ១០៥៩%។ក្នុងនោះភ្ញៀវទេសចរផ្ទៃក្នុង ធ្វើដំណើរកម្សាន្តក្នុងប្រទេស មានទេសចរជាតិប្រមាណជិត១៤លាននាក់ កើនឡើង១៩៩% និង ទេសចរបរទេសផ្ទៃក្នុង ប្រមាណជិត២លាននាក់ កើនឡើង៥៧២% ធៀបឆ្នាំ២០២១។
បើតាមសម្ដេច ហ៊ុន សែន តាមការប៉ាន់ស្មានពេញមួយឆ្នាំ២០២៣ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ៤លាននាក់ និងទេសចរជាតិប្រមាណ១៥លាននាក់។ដើម្បីឆ្លើយតបនឹងការវិវត្ត និងនិន្នាការនៃការអភិវឌ្ឍថ្មីៗ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើការដាក់ចេញ និងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិនានា ដោយឈរលើ មូលដ្ឋានសំខាន់២ ដែលត្រូវគិតគូរស្របពេលគ្នា គឺការបង្កើនឧត្តមភាពប្រកួតប្រជែង និងការធានាចីរភាពនៃការអភិវឌ្ឍ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា កាលពីចុងឆ្នាំ២០២១ បានប្រកាសបើកប្រទេសឡើងវិញ ហើយកាលពីចុងខែមករា ឆ្នាំ២០២៣កន្លងទៅ កម្ពុជាបានទទួលភ្ញៀវទេសចរចិនជាលើកដំបូងនៅខេត្តព្រះសីហនុចំនួនជាង១០០នាក់ ដែលជាការហោះហើរត្រង់ ក្រោយចិនបើករបាំងកូវីដសូន្យ និង ជាការមកដល់ក្រោយចូលឆ្នាំចិន។
នៅក្នុងខែមករា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤០ម៉ឺននាក់ ក្នុងនោះទេសចរចិនមានប្រមាណ ២៥ ០០០នាក់ មានការកើនឡើង៩០០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ។តាមផែនការស្តារទេសចរណ៍ឡើងវិញ ប្រទេសកម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិចំនួន ៤លាននាក់ នៅឆ្នាំ២០២៣នេះ និង៧លាននាក់នៅឆ្នាំ២០២៥ខាងមុខ៕