Yearendyearend1140x150

កម្ពុជា-ថៃ ប្ដេជ្ញាសម្រេចទំហំពាណិជ្ជកម្មទ្វេភាគី ១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ជាមួយនឹងការកត់សម្គាល់ដោយពេញចិត្តចំពោះនិន្នាការជាវិជ្ជមាននៃទំហំពាណិជ្ជកម្មទ្វេភាគី ភាគីកម្ពុជា និងថៃ បានបញ្ជាក់ពីសារសំខាន់ចំពោះការខិតខំប្រឹងប្រែងរួមគ្នាដើម្បីសម្រេចឱ្យបាននូវគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ២០២៥។ ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្រ្តីកម្ពុជា និងថៃ កាលពីថ្ងៃទី២៣កុម្ភៈ។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅ ប្រទេសថៃ រយៈពេល០២ថ្ងៃ លោកឧបនាយករដ្ឋមន្រ្តីកម្ពុជា-ថៃ បានពិភាក្សាយ៉ាងទូលំទូលាយ ដោយបានពិនិត្យ ឡើងវិញនិងដាក់ចេញនូវវិធានការថ្មី សម្រាប់កិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីកំណើន និងវិបុលភាពរួមរវាងប្រទេសទាំងពីរ ដែលក្នុងនោះរួមមាន ពាណិជ្ជកម្ម និងវិនិយោគ ការអប់រំ ទេសចរណ៍ ការងារ ការតភ្ជាប់ សន្តិសុខ និងការពារជាតិ។

លោកឧបនាយករដ្ឋមន្ត្រីទាំងពីរ ក៏បានធ្វើជាអធិបតីក្នុងពិធីបើក ដំណើរការសាកល្បងស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដែលនឹងរួម ចំណែកបង្កើនលំហូរពាណិជ្ជកម្មឆ្លងដែន និងវិនិយោគ ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវ ការតភា្ជប់ និងសុខុមាលភាពនៃប្រជាជនទាំងពីរ។ លោក ប្រាក់ សុខុន បានលើកទឹកចិត្តឱ្យភាគីថៃពង្រីកទីផ្សារថៃ និងលុបរបាំងបច្ចេកទេសពាណិជ្ជកម្ម ដើម្បី អនុគ្រោះដល់កសិផលកម្ពុជា។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក ប្រាក់ សុខុន បានចូលជួបសម្តែងការគួរ សមជាមួយ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ ដែលក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រី បានកោតសរសើរពីទំនាក់ទំនងល្អប្រសើរលើគ្រប់ វិស័យរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងក្រសួងការបរទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រីថៃបានសង្កត់ធ្ងន់ទៅលើកិច្ចសហការកាន់តែប្រសើរ និងការគាំទ្រគ្នាទៅវិញទៅមករវាងអាជ្ញាធរពាក់ព័ន្ធប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍រួមជាក់ស្ដែងរបស់ប្រជាជន ទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព និងការអភិវឌ្ឍ នៅតាមបណ្ដោយព្រំដែន រួមមានការបើកច្រកទ្វារ ព្រំដែនអន្តរជាតិនៅទីតាំងចាំបាច់ និងដំណើរការដោះមីននៅតាមតំបន់ព្រំដែន។

សូមជម្រាបថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅ ប្រទេសថៃ ពីថ្ងៃទី២៣ ដល់ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង