
ភ្នំពេញ៖ បន្ទាប់ពីក្រុមហ៊ុន Sailun និងក្រុមហ៊ុន General Intelligenceដែលជាក្រុមហ៊ុនចិន បានវិនិយោគទុនរាប់រយលានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតសំបកកង់ឡានក្នុងប្រទេសកម្ពុជា មានក្រុមហ៊ុនចិនដ៏ធំមួយទៀត គឺក្រុមហ៊ុន Qingdao Double Star Groupគ្រោងនឹងវិនិយោគទុនចំនួន២០០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រផលិតសំបកកង់ឡានក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះ។
ក្រុមហ៊ុនQingdao Double Star Groupប្រកាសកាលពីថ្ងៃទី ២០ខែកុម្ភៈ ថា បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនគឺក្រុមហ៊ុន Double Star Tire បានសហការគ្នាជាមួយក្រុមហ៊ុនUBE DEVELOPMENT បណ្តាក់ទុនរួមគ្នាចុះបង្កើតក្រុមហ៊ុនឈ្មោះថា Double Star (Cambodia) Tire Co., Ltd. ដើម្បីដំណើរការគម្រោងរោងចក្រផលិតសំបកកង់ឡាន។
យោងតាមការប្រកាសរបស់ក្រុមហ៊ុន គម្រោងវិនិយោគនេះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តក្រចេះ ហើយការវិនិយោគទុនសរុបមានប្រមាណ ២០០លានដុល្លារអាមេរិក។
ក្រុមហ៊ុនDouble Star Tireបានបញ្ចាក់ថា វិនិយោគសាងសង់រោងចក្រនៅក្នុងរោងចក្រនៅកម្ពុជា គឺដើម្បីពន្លឿនការអនុវត្តយុទ្ធសាស្ត្រ "មូលដ្ឋាននីយកម្ម" ដែលមានគោលបំណងពន្លឿនការអភិវឌ្ឍន៍ទីផ្សារអន្តរជាតិ ឆ្លើយតបយ៉ាងសកម្មចំពោះរបាំងពាណិជ្ជកម្មអន្តរជាតិ និងលើកកម្ពស់ការប្រកួតប្រជែងអន្តរជាតិរបស់ម៉ាកយីហោរបស់់ក្រុមហ៊ុន ។
ក្រុមហ៊ុនបានអោយដឹងផងដែរថា នៅឆ្នាំ ២០២២ប្រាក់ចំណូលរបស់ក្រុមហ៊ុនQingdao Double Star មានប្រហែល 609លានដុល្លារ ប្រហែលទៅនឹងឆ្នាំ ២០២១ដែរ។
គួររំលឹកថា កន្លងទៅមានក្រុមហ៊ុនយក្សចិនពីរហើយបានវិនិយោគលើរោងចក្រផលិតសំបកកង់ឡាននៅកម្ពុជា។ក្នុងនោះក្រុមហ៊ុនចិនឈ្មោះថា Sailun នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តស្វាយរៀង ដែលចំណាយទុន៣៥០លានដុល្លារអាមេរិក បានដាក់ឱ្យដំណើរការតាំងពីខែវិច្ឆិកា ឆ្នាំ២០២១មកម្លេះ។រោងចក្រនេះមានផ្ទៃដីចំនួន ៥០ ហិកតា និងមានសមត្ថភាពផលិតសំបកកង់ឡានបាន៩លានកង់ក្នុងមួយឆ្នាំ និងបានបង្កើតការងារជូនកម្មករចំនួន៤០០០នាក់។
ក្រុមហ៊ុនGeneral Intelligence បានវិនិយោគទុន៣០០លានដុល្លារអាមេរិក កំពុងសាងសងរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។ នៅពេលដំណើរការពេញលេញ រោងចក្រនេះមានសមត្ថភាពផលិតសំបកកង់ឡានជិត៦លានកង់ក្នុងមួយឆ្នាំ។