Cctimesw1140xh150cm copy

សហភាពអឺរ៉ុបសន្យាបន្តជួយគាំទ្រកម្ពុជាឱ្យចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ភាគីសហភាពអឺរ៉ុប បានសន្យាថានឹងបន្តផ្តល់ជំនួយបច្ចេកទេស និងកម្មវិធីកសាងសមត្ថភាពបន្ថែមទៀត ជូនដល់កម្ពុជាតាមការចំាបាច់ សំដៅជួយអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់របស់កម្ពុជា ជាពិសេសសម្រាប់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច(LDC Graduation) របស់កម្ពុជា និងការបន្តទទួលបានភាពអនុគ្រោះនានា។ ការសន្យានេះធ្វើឡើងនាឱកាសពិភាក្សាការងាររវាងឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក Petros Sourmelis ប្រធានផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

នាឱកាសនេះ ឯកឧត្ដម សុខ សុភ័ក្រ្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអឺរ៉ុប ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែកបច្ចេកទេស ព្រមទាំងជំនួយហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍលើវិស័យសំខាន់ៗរបស់កម្ពុជា រួមមានគម្រោងការគាំទ្រសមាហរណកម្មអាស៊ានបូកកម្ពុជា (ARISE plus Cambodia) ជាដើម។

ឯកឧត្តម បានបញ្ជាក់ជូនភាគីសហភាពអឺរ៉ុបអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសហការយ៉ាងជិតស្និតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការសម្របសម្រួលដល់ដំណើរការដោះស្រាយបញ្ហាបើកច្រកទីផ្សារផ្នែកសេវាពាណិជ្ជកម្មដើម្បីលើកទឹកចិត្ត និងទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកវិនិយោគនៅប្រទេសកម្ពុជា ដែលរួមមាន (១) ការធ្វើបច្ចុប្បន្នភាពសេចក្ដីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ (២) ការផ្ដល់សេវាទីភា្នក់ងារពិគ្រោះយោបល់ផ្នែកច្បាប់ និង (៣) ការបង្កើតតុលាការពាណិជ្ជកម្មរបស់កម្ពុជាជាដើម។

ជាកិច្ចឆ្លើយតប លោក Petros Sourmelis បានទទួលស្គាល់អំពីកំណើនទំហំពាណិជ្ជកម្មរវាងកម្ពុជា-សហភាពអឺរ៉ុប និងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការការងាររវាងក្រសួងពាណិជ្ជកម្ម និងសហភាពអឺរ៉ុប ព្រមទាំងសន្យាបន្តជួយគាំទ្រកម្ពុជាក្នុងដំណើរការនៃការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច(LDC Graduation)។ ទន្ទឹមគ្នានេះ ភាគីសហភាពអឺរ៉ុប ក៏បានសន្យាថានឹងបន្តផ្តល់ជំនួយបច្ចេកទេស និងកម្មវិធីកសាងសមត្ថភាពបន្ថែមទៀត ជូនដល់កម្ពុជាតាមការចំាបាច់ សំដៅជួយអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់របស់កម្ពុជា ជាពិសេសសម្រាប់ការចាកចេញពីឋានៈជា LDC របស់កម្ពុជា និងការបន្តទទួលបានភាពអនុគ្រោះនានា។

ភាគីទាំងពីរបានឯកភាព និងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ព្រមទាំងតាមដានវឌ្ឍនភាពការងារប្រកបដោយស្មារតីជួយគ្នាទៅវិញទៅមក សំដៅបំរើផលប្រយោជន៍នៃភាគីទាំងពីរ ដោយផ្អែកលើគោលការណ៍ច្បាប់ និងភាពស្មើមុខ-ស្មើសិទ្ធលើឆាកអន្តរជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង