
កំពង់ចាម៖ ក្រសួងអប់រំ បានអនុវត្តការងារអក្ខរកម្មដោយរំដោះអនក្ខរជនឱ្យចេះអក្សរបាន២%។ មិនតែប៉ុណ្ណោះ ក្រសួងបានបានបើកថ្នាក់អក្ខរកម្មចំនួន២០ថ្នាក់ ជួយកម្មករ កម្មការិនីតាមរោងចក្រឱ្យចេះអក្សរ ចេះគិតលេខ។ នេះបើតាមប្រាសាសន៍ឯកឧត្ដម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្ដីពីការលើកកម្ពស់ការអនុវត្តកម្មវិធីអក្ខរកម្ម នាថ្ថៃទី២០ កុម្ភៈ នេះ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំ បានមានប្រសាសន៍ថា កន្លងមកក្រសួងអប់រំ បានអនុវត្តការងារអក្ខរកម្មដោយរំដោះអនក្ខរជនឱ្យចេះអក្សរបាន២% បើប្រៀបធៀបអនក្ខរជនលើពិភពលោកពិសេសនៅប្រទេសអាហ្រិក និងកូដឺវ័រ។ មិនតែប៉ុណ្ណោះ ក្រសួងអប់រំ ដោយមានការជួយទាំងសម្ភារៈ និងថវិកា ពីអង្គការយូណេស្កូ បានបើកថ្នាក់អក្ខរកម្មចំនួន២០ថ្នាក់ ជួយកម្មករ កម្មការិនីតាមរោងចក្រឱ្យចេះអក្សរ ចេះគិតលេខ និងយល់ដឹងពីមេរៀនជីវិត ហើយនៅឆ្នាំបន្ទាប់ៗនឹងមានពង្រីកថ្នាក់អក្ខរកម្មឱ្យបានពី៣០ថ្នាក់ទៅ៤០ថ្នាក់បន្ថែមទៀត។
ឯកឧត្តម ណុះ ស្លេះ បានមានប្រសាសន៍បន្តថា បច្ចុប្បន្នជាសម័យឌីជីថល កាលណាមនុស្សមិនចេះអក្សរគឺមិនអាចដើរទាន់សម័យកាលបច្ចេកវិទ្យានេះបានទេ។ ដូច្នេះហើយ ពលរដ្ឋគ្រប់រូបដាច់ខាតត្រូវតែចេះអក្សរ ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ ហើយ ឯកឧត្ដម បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យខិតខំប្រឹងប្រែងក្រេបយកចំណេះដឹង បទពិសោធន៍ល្អៗ គំនិតថ្មីៗពីគ្រូឧទ្ទេស ដើម្បីពង្រឹង និងលើកកម្ពស់កម្មវិធីអក្ខរកម្មឱ្យដំណើរការកាន់តែប្រសើរឡើងថែមទៀត៕
