ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១ ២១៧,៣៨ ប៊ីលានរៀល (ប្រមាណជា ៣០០,៥៩ លានដុល្លារ)ស្មើនឹង ៨,៤២% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ។
បើតាមរបាយការណ៍ ចំណូលពន្ធ-អាករគ្រប់ប្រភេទក្នុងខែមករា ឆ្នាំ២០២៣ បើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែធ្នូ ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ៥០,០៤ ប៊ីលានរៀល (ប្រមាណជា ១២,៣៦ លានដុល្លារ) ស្មើនឹង៤,២៩%។ លើសពីនេះ ក្នុងខែមករា ឆ្នាំ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ២០,៧៣% អាករលើតម្លៃបន្ថែម ៨,៥៧% និងពន្ធលើប្រាក់បៀវត្ស១៨,០៧%។
របាយការណ៍បញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៣ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-Commerce) ប្រមូលបានចំនួន ៣៦,៦២ប៊ីលានរៀល(ប្រមាណ៩,០៤លានដុល្លារ) និងគិតចាប់ពីខែឧសភា ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន ចំណូលពន្ធពី E-Commerce ប្រមូលបានសរុបចំនួន ២១៤,៦៨ ប៊ីលានរៀល (ប្រមាណ៥៣,០១លានដុល្លារ)។