ភ្នំពេញ៖ លោក ផែង វណ្ណៈ ជាជនល្បីល្បាយតាមបណ្តាញសង្គម នៅថ្ងៃទី ១៦ កុម្ភៈនេះ បានចេញជាលិខិតចំហរជាសាធារណៈ ដើម្បីបកស្រាយចំពោះសាធារណៈជនមួយចំនួនរិះគន់លោកថា បានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ហើយបានជេរប្រមាថទៅលេីអ្នកសារព័ត៌មានស្រីម្នាក់នៅ VOD ។ក្នុងលិខិតចំហរនោះ លោក ផែង វណ្ណៈ ឱ្យអ្នករិះគន់«ប្តឹងលោកទៅតុលាការ»បើយល់ថាសម្តីលោកខុសច្បាប់។
ក្នុងលិខតចំហរនោះ លោក ផែង វណ្ណៈ បានទទួលស្គាល់ពាក្យពេជន៍របស់លោកលើអ្នកសារព័ត៌មានស្ត្រីVOD ពិតជាមិនសូវសមរម្យមែន។សម្រាប់លោក ផែង វណ្ណៈ តែករណីនេះ ជាករណី បុគ្គលរវាងលោកជាពលរដ្ឋម្នាក់ ជាមួយអ្នកធ្វើ អត្ថាធិប្បាយ វិទ្យុ VOD តែប៉ុណ្ណោះ ហេីយការសរសេរ អត្ថបទនោះគឺសរសេរក្នុងនាមពលរដ្ឋម្នាក់តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយមិនបានប្រេី វេបសាយ ឬ ទំព័រហ្វេសប៊ុកផ្លូវការដែលចុះបញ្ជីនៅក្រសួងព័ត៌មាននោះទេ។
បើតាមលោក ផែង វណ្ណៈ បេីបុគ្គលដែលរងការរិះគន់ពីលោកយល់ថាពាក្យពេចន៍របស់លោកខុសច្បាប់ អាចដាក់ពាក្យប្ដឹងលោកតាមផ្លូវច្បាប់ទៅតុលាការបាន។ជាមួយគ្នានោះ លោកបានសំណូមពរអោយអង្គការសង្គមស៊ីវិលទាំង ៤០ គួរចំណាយពេលបង្កើតវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មានដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយ ជ្រកក្រោមស្លាក សារព័ត៌មាន ឯករាជ្យ អោយពួកគាត់ងាកមកគោរពច្បាប់ គោរពវិជ្ជាជីវៈសារព័ត៌មាន និង កុំធ្វេីជាឧបករណ៍បំរើនយោបាយបរទេសដេីម្បីបំបែកបំបាក់ជាតិខ្មែរផងដែរ។
គួរបញ្ជាក់ថា អង្គការសង្គមស៉ីវិលចំនួន ៤០ បានផ្ញេីទៅកាន់ប្រធានស្ថាប័នចំនួន ៤ ក្នុងនោះមាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន និង ក្រសួងប្រៃសនីយ៍ និង ទូរគមនាគមន៍ ដោយស្នេីសុំអោយស្ថាប័នទាំង ៤ ចាត់វិធានការច្បាប់មកលេីខ្ញុំបាទ ផែង វណ្ណៈ ក្រោយលោកបានប្រើសំដីអសុរសប្រមាថទៅលេីអ្នកសារព័ត៌មានស្រីម្នាក់នៅ VOD ។
ក្រសួងកិច្ចការនារី បានចេញមុខមុខគេ ដោយបានសំដែងនូវការសោកស្តាយ និង មិនគាំទ្រចំពោះរាល់សកម្មភាព និងទង្វើ ទាំងឡាយណា ដែលមានចរិតហិង្សា អសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ព្រោះវាជាគំរូមិនល្អ សម្រាប់យុវជន យុវតី កុមារា កុមារី ជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី និងសសរ ទ្រូងរបស់ប្រទេសជាតិ។ចំណែក រិះគន់មួយចំនួនចង់ឃើញអាជ្ញាធរមានសមត្ថកិច្ចមានវិធានការលើលោក ផែង វណ្ណៈដូចនឹងសកម្មជនកន្លងមកផងដែរ៕