Yearendyearend1140x150

ក្រសួងទេសចរណ៍រំពឹងថានឹងមានជើងហោះហើរត្រង់ពីចិនមកសៀមរាបចាប់ពីខែមីនា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១៦ កុម្ភៈ បានរៀបចំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយការត្រៀមទទួលទេសចរចិនមកខេត្តសៀមរាបនៅដើមខែមីនា ក៏ដូចជាជំរុញប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាបដែលទទួលទីផ្សារចិនពង្រឹងសេវាកម្មទេសចរណ៍ទទួលភ្ញៀវចិនតាមរយៈការស្នើសុំការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិន និងដើម្បីប្រមូលបញ្ហាប្រឈមនានារបស់ប្រតិបត្តិករទទួលទីផ្សារចិនក្នុងខេត្តសៀមរាប។

លោក សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្រោយប្រទេសចិនប្រកាសបើកប្រទេសកាលពីថ្ងៃទី០៦ កុម្ភៈ មក កម្ពុជាបន្តទទួលជើងហោះហើរត្រង់ជាបន្តបន្ទាប់ពីគោលដៅប្រទេសចិនចូលមកកាន់កម្ពុជា ពិសេសទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ។ ដោយឡែកខេត្តសៀមរាបពុំទាន់មានជើងហោះហើរត្រង់ពីប្រទេសចិននៅឡើយ។

លោក សុខ សង្វារ បានបន្ដថា ចាប់ពីថ្ងៃទី០៣ មីនា តទៅ អាចរំពឹងថានឹងមានជើងហោះហើរត្រង់ចូលមកខេត្តសៀមរាបជាបន្តបន្ទាប់ ដែលកិច្ចការទំាងនេះទាមទារឱ្យប្រតិបត្តិករទេសចរណ៍ទទួលទីផ្សារចិនទំាងអស់ ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីពង្រឹងគុណភាពសេវាឱ្យស្របតាមតម្រូវការរបស់ទេសចរចិន និងការកំណត់នានាដែលមានចែងក្នុងសៀវភៅ ស្តីពី China Ready សម្រាប់ទេសចរណ៍កម្ពុជា ដែលបានដាក់ឱ្យអនុវត្តដោយក្រសួងទេសចរណ៍កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។

លោកក៏បានបញ្ជាក់ថា ទេសចរចិនទទួលបានការអនុញ្ញាតជាផ្លូវការពីរាជរដ្ឋាភិបាលក្នុងការបញ្ចុះតម្លៃតេស្ត PCR ពី១៣០$ មកត្រឹម៥០$វិញ។ ទន្ទឹមនឹងនោះក្រសួងទេសចរណ៍នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីបង្កើនភាពទាក់ទាញទេសចរចិនមកកម្សាន្តគោលដៅទេសចរណ៍វប្បធម៌ខេត្តសៀមរាបឱ្យបានច្រើន។

បើតាមក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិ ពី ៣-៤លាននាក់ ដែលមានទេសចរចិនពី៨០ម៉ឺន-១លាននាក់ ក្នុងនោះប្រមាណជិត៣០%នៃទេសចរចិននឹងរំពឹងថាមកទស្សនាខេត្តសៀមរាប ខណៈដែលឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានទេសចរចិនតែ ១៨,៧៦៣នាក់ កើនឡើង ២៣៧.១៦% ធៀបនឹងឆ្នាំ២០២១ ដែលឈរនៅលំដាប់ទីផ្សារអាទិភាពទី៤ ក្នុងខេត្តសៀមរាប៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង