ភ្នំពេញ៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ នៅថ្ងៃទី១៦ កុម្ភៈនេះ បានអនុញ្ញាតឯកអគ្គរាជទូត រដ្ឋទូត នៃប្រទេសចំនួន៤ (ក្រុមប្រទេស Nordic) ប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងប្រទេសបួន ដូចជា ស៊ុយអ៊ែត ណវ៉េ ដេនម៉ាក និង ហ្វាំងឡង់ នឹងជំរុញអ្នកវិនិយោគរបស់ខ្លួន ឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។
ឯកឧត្តម អ៊ិត សំហេង បានសម្តែងការអរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសស៊ុយអែត លើគម្រោងជាច្រើនជាពិសេសទៅលើគម្រោងកសាងសមត្ថភាពក្នុងការផ្តល់សេវាទីផ្សារការងារ និងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារ តាមរយ:ការលើកកម្ពស់សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវ: និងលក្ខខណ្ឌការងារ ដែលបានជួយគាំទ្រលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាបាននិងកំពុងបន្តពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខដុមក្នុងទំនាក់ទំនងវិជ្ជាជីវៈ។ ការបន្តអនុវត្តបានយ៉ាងល្អនូវយន្តការត្រីភាគីក្នុងចរចា និងដោះស្រាយបញ្ហានានាប្រកបដោយជោគជ័យ គម្រោងរោងចក្រនឹងមានភាពកាន់តែប្រសើរនៅកម្ពុជា ដែលអាចកសាងជំនឿទុកចិត្តរបស់អ្នកវិនិយោគទុនប្រទេសទាំងនេះនៅកម្ពុជា។
ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត រដ្ឋទូតទាំងអស់ បានសម្តែងនូវកោតសរសើរ ចំពោះវឌ្ឍនភាពរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងបានយ៉ាងល្អ ដែលអាចជួយសង្គ្រោះអាយុជីវិតប្រជាជន ហើយឈានទៅបើកដំណើរការសកម្មភាពសេដ្ឋកិច្ច សង្គមឡើងវិញពេញលេញលើគ្រប់វិស័យ។
ភាគីទាំងពីរនឹងបន្តរួមគ្នាលើកិច្ចសហប្រតិបត្តិ លើគម្រោងផ្សេងទៀត ដែលប្រទេសទាំងនេះមានគំរូដ៏ល្អសម្រាប់ចែករំលែកបទពិសោធន៍ សំដៅគាំទ្រក្នុងការធ្វើឱ្យប្រសើរថែមទៀតទាំងលើសេវាទីផ្សារការងារ ការកសាងធនធានមនុស្សដែលមានជំនាញវិជ្ជាជីវៈ ជាកម្លាំងពលកម្មជំនាញ ការធានានូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវ លក្ខខណ្ឌការងារ និងការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស ដើម្បីបន្តបង្កើននូវការជឿជាក់ និងភាពទាក់ទាញដល់អ្នកវិនិយោទុន និងអ្នកប្រើប្រាស់ទំនិញ មកលើប្រភពទំនិញពីកម្ពុជា ដែលជាប្រទេសអនុវត្តតាមអនុលោមភាពនៃបទដ្ឋានការងារអន្តរជាតិ៕