ភ្នំពេញ៖ត្រឹមតែរយៈពេលតែ ៣ ថ្ងៃប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជាលក់បានរហូតដល់ ១៨ តោន លើគេហទំព័រ Alibaba។ចំនួននេះមានឡើងក្រោយពីក្រសួងពាណិជ្ជកម្ម បានសហការជាមួយវិស័យឯកជន ដោយបាននាំចេញផ្លៃមៀនទៅប្រទេសចិនតាមរយៈការដាក់លក់នៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Alibaba។
យោងតាមរបាយការណ៍របស់ ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្ពុជាបាននាំចេញផ្លៃមៀនទៅប្រទេសចិនដោយដាក់លក់នៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Alibaba ដែលជាលទ្ធផល ត្រឹមតែរយៈពេលតែ ៣ ថ្ងៃ ប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជាលក់បានរហូតដល់ ១៨ តោន។ក្រសួងបានចាត់ទុកថា នេះជាសញ្ញាល្អមួយសម្រាប់ផ្លែមៀនកម្ពុជា សម្រាប់ពេលអនាគតនៅទីផ្សារប្រទេសចិន។
បើតាមក្រសួងពាណិជ្ជកម្ម នៅពេលខាងមុខក្រសួងនឹងព្យាយាមពង្រីកទីផ្សារបន្ថែមសម្រាប់កសិផលរបស់កម្ពុជា ជាពិសេសជាមួយAlibaba តាមរយៈពិភាក្សានិងផ្ដល់ធាតុចូលបន្ថែមលើការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា ជំរុញចលនាភូមិមួយ ផលិតផលមួយជាដើម។
គួរបញ្ជាក់ថា ការដាំមៀននៅកម្ពុជាកំពុងកើនឡើងខ្ពស់ដោយមានផ្ទៃដីដាំជាង ១៣ ៦០៨ ហិកតានៅទូទាំងប្រទេស ហើយភាគច្រើនដាំនៅខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ក្នុងនោះផ្ទៃដីប្រមូលផលមាន ៨ពាន់ហិកតាដោយ ១ហិកតាទទួលបានផលពី ១៥ទៅ២០តោន ហើយក្នុង១ឆ្នាំៗទិន្នផលមៀនប៉ៃលិនប្រមូលបានជាង ១០ ម៉ឺនតោន៕