ខេត្តសៀមរាប៖ ជនសង្ស័យម្នាក់ដែលត្រូវជាជីតាបាន ជាប់ពាក់ព័ន្ធក្នុងបទល្មើសជាក់ស្តែងករណីឃាតកម្ម ដោយសារបានវាយចៅប្រុសខ្លួនឯងជ្រុលដៃស្លាប់ ហើយយកទៅទម្លាក់ចោលនៅក្នុងទឹកស្រះ។ករណីនេះស្ថិតនៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។
យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា ថ្ងៃទី១៣ ខែកុម្ភៈ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទទួលបានព័ត៌មានថាមានករណីក្មេងលង់ស្រះទឹក ដោយមានការសង្ស័យមានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ ទើបសមត្ថកិច្ចណែនាំដល់ក្រុមគ្រួសាររក្សាសាកសព ដើម្បីឲ្យសមត្ថកិច្ចនគរបាលជំនាញ និងគ្រូពេទ្យចុះពិនិត្យឲ្យបានច្បាស់លាស់។លទ្ធផល អាជ្ញាធររកឃើញថា សពក្មេងប្រុសម្នាក់នោះបាក់ក មានស្នាមជាំក្រោមត្រជៀកខាងស្តាំ, ឆ្អឹងស្មាទាំងសងខាងភ្លាត់ចេញពីគ្នា, ស្នាមជាំក្រោមឆ្អឹងជំនីខាងស្តាំ និង មានលាមកចេញតាមរន្ធគូទ។
នគរបាលខេត្តសៀមរាប បានរកឃើញថាលោក ថ្ម ក្រាក់ ត្រូវជាជីតារបស់ជនរងគ្រោះ គឺពាក់ព័ន្ធនឹងករណីនេះ ហើយបាននាំខ្លួនសាកសួរនៅចំពោះមុខសមត្ថកិច្ច។ជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពជ្រុលដៃសម្លាប់ជនរងគ្រោះខាងលើពិតមែន ព្រោះខឹងរូបគេយកលូកព្រីភ្លើងលេង។
បើតាមជនសង្ស័យជាជីតា បានអះអាងថា ចៅប្រុសរបស់គាត់ បានយកដៃទៅលូកព្រីភ្លើងក្នុងផ្ទះបណ្តាលឲ្យឆក់ កន្ត្រាក់ដៃស្រែកយំ ស្របពេលដែលខ្លួននឿយហត់ និងការងារផងអស់កំលាំងផង ធ្វើឲ្យកើតចិត្តខឹងក៏បានយកខ្សែភ្លើងក្បែរនោះវាយទៅលើចៅ ចន្លោះដង ក ចំនួន ២ខ្សែភ្លើង។ក្រោយមកទៀត ក្មេងប្រុសនោះ បានទំលាក់ទូរស័ព្ទចោល ហើយយកដៃទៅលូកលេងព្រីភ្លើងម្តងទៀត ឃើញយ៉ាងដូច្នេះ លោក ថ្ម ក្រាក់ ដែលត្រូវជាជីតា បានយកខ្សែភ្លើងបត់ជាពីរវាយលើដងខ្លួនចៅ
ជនរងគ្រោះចំនួន ២ខ្សែភ្លើង ហើយគេបានស្រែកយំ ខ្លួនបានទះចំក្រោមថ្គាម និងដងករបស់គេផ្នែកខាងស្តាំ មួយទំហឹង ហើយ ចាប់ក្បាលមួលបង្វិលបោះទៅលើកម្រាលពូក ដោយពុំបានដឹងថា ក របស់ចៅបានបាក់នោះទេ ព្រោះនៅមានសម្រែក ស្របពេលនោះរូបគាត់ក៏យកដៃទាំងសងខាងសូកចាប់ដៃចៅសងខាងបោះទៅលើកម្រាលពូក ដែលមានចម្ងាយពីខ្លួនប្រហែល១,៥ម៉ែត្រ ភ្លាមនោះគេក៏សន្លប់បានសម្លេងឈឹង។ដោយមានការភ័យខ្លាចអ្នកផ្ទះ និងអ្នកជិតខាងដឹងរឿង ទើបលើកបីយកទៅទំលាក់នៅក្នុងទឹកស្រះ។
ក្រោយមកក៏មានការភ្ញាក់ផ្អើលបាត់ចៅរូបគេក៏ដើរក និង ទៅស្រង់ចៅចេញពីទឹកស្រះ យកមកផ្ទះវិញដោយប្រាប់ប្រពន្ធថា ចៅលង់ទឹកស្លាប់។បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕