Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កម្ពុជាកំពុងស្វែងរកដៃគូវិនិយោគលើគម្រោងផ្លូវដែកល្បឿនលឿនតម្លៃជាង៤ពាន់លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានបញ្ចប់ការសិក្សាលើគម្រោងផ្លូវដែកល្បឿនលឿនដែលមានចម្ងាយ ៣៨២គីឡូម៉ែត្រ តភ្ជាប់ពីភ្នំពេញ ទៅប៉ោយប៉ែត ហើយបច្ចុប្បន្នកម្ពុជាកំពុងស្វែងរកដៃគូវិនិយោគលើគម្រោងផ្លូវដែកនេះដែលមានតម្លៃជាង៤ពាន់លានដុល្លារអាម៉េរិក។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ បច្ចុប្បន្ននេះក្រសួងសាធារណការបានសិក្សាចប់សព្វគ្រប់លើគម្រោងនេះហើយ ដើម្បីកែផ្លូវដែកធម្មតា ទៅជាផ្លូវដែកល្បឿនលឿន តភ្ជាប់ពីថៃទៅឡាវ និងតភ្ជាប់ទៅប្រទេសចិន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឱ្យបានលឿន និងសម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរ។ បច្ចុប្បន្ននេះ កម្ពុជាកំពុងរកដៃគូវិនិយោគ។

បើតាមលោក ស៊ុន ចាន់ថុល សម្តេច ហ៊ុន សែន បានអនុញ្ញាតឱ្យក្រុមហ៊ុនចិនចុះមកពិនិត្យ និងសិក្សាពីលទ្ធភាពសាងសង់ផ្លូវដែកល្បឿនលឿននេះ ដោយប្រើនិតិវិធី BoT (សាងសង់ ប្រតិបត្តិការ និងផ្ទេរមកឱ្យរាជរដ្ឋាភិបាល) ។ នាពេលខាងមុខឆាប់ៗនេះ នឹងមានក្រុមហ៊ុនវិនិយោគចិនមួយនឹងចុះមកសិក្សាគម្រោង។

លោក ស៊ុន ចាន់ថុល យល់ឃើញថា ផ្លូវដែកល្បឿលឿននេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរ និងទំនិញ ហើយកម្ពុជានឹងអាចទាញបានអត្ថប្រយោជន៍យ៉ាងច្រើន ពីការដឹកជញ្ជូនតាមរយៈផ្លូវដែកល្បឿនលឿននេះ ដោយសារកម្ពុជាស្ថិតនៅចំកណ្តាលនៃអនុទន្លេមេគង្គ ដែលកម្ពុជាអាចនឹងក្លាយជាទីកន្លែងផលិត និងស្តុកទុកទំនិញឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយ នាពេលខាងមុខ។

ផ្លូវដែកល្បឿនលឿននេះ អាចបើកបរបានក្នុងល្បឿន ១៦០គីឡូម៉ែត្រទៅ២០០ម៉ែត្រក្នុងមួយម៉ោង ស្មើនឹងល្បឿនផ្លូវដែកនៅឡាវ ស្របពេលដែលទទឹងផ្លូវនឹងត្រូវពង្រីកពីមួយម៉ែត្រ ទៅដល់ ១.៤៣ម៉ែត្រ។

សូមបញ្ជាក់ថា តាមរយៈការសិក្សាបឋមបានបញ្ជាក់ថា គម្រោងផ្លូវដែកល្បឿនលឿននេះ មានប្រវែងសរុបប្រមាណ ៣៨២គីឡូម៉ែត្រ ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាម៉េរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។

ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១.៤៣៥ ម៉ែត្រ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។

ក្នុងនោះដែរ ខ្សែររថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (មួយនៅស្ថានីយភ្នំពេញសម្រាប់អ្នកដំណើរ និងមួយទៀតនៅស្ថានីយសំរោងសម្រាប់លើកដាក់ទំនិញ)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង