Cctimesw1140xh150cm copy

ទស្សនកិច្ចសម្ដេច ហ៊ុន សែនទៅចិនបានកែពី«មិត្តដែកថែប»ទៅ«មិត្តត្បូងពេជ្រ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណៈរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញ របស់រដ្ឋាភិបាលប្រទេសចិន។ ក្រោយការបញ្ចប់ដំណើរទស្សនកិច្ចនេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមើលឃើញថា ចំណងមិត្តភាពរវាងកម្ពុជានិងចិនអាចកែប្រែពីមិត្តដែកថែប ទៅជាមិត្តត្បូងពេជ្រ ជាមិត្តភាពមួយដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ នេះជាការលើកឡើងរបស់ឧកញ៉ា លឹម ហេង មកកាន់ស៊ីស៊ីថាមស៍។

ឧកញ៉ា លឹម ហេង បានប្រាប់ស៊ីស៊ីថាមស៍ នៅថ្ងៃនេះថា ដំណើរទស្សនកិច្ចនៅចិនសម្រាប់ឆ្នាំ២០២៣នេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា និងចិន ដែលភាគីទាំងពីរបានឯកភាពគ្នាកសាងសហគមន៍វាសនារួមតែមួយ ជាពិសេសការលើកកម្រិតការធ្វើពាណិជ្ជកម្មទ្វេភាគីពីគ្រប់ជ្រុងជ្រោយពីមិត្តដែកថែបទៅជាមិត្តត្បូងពេជ្រដែលមានតម្លៃ។

ឧកញ៉ា លឹម ហេង បន្តថា ក្រៅពីការពង្រឹងចំណងមិត្តភាព ដំណើរទស្សនកិច្ចនេះក៏នឹងធ្វើឱ្យកម្ពុជាទទួលបានផលប្រយោជន៍យ៉ាងច្រើនក្រាស់ក្រែលពីការសន្យារបស់ភាគីចិនដែលជាមិត្តល្អ លើការជម្រុញវិនិយោគក្នុងវិស័យទេសចរណ៍ ជាពិសេសលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ ធនធានរ៉ែ ពាណិជ្ជកម្ម ក៏ដូចជាការកសាង និងអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀត។

ចំពោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ក្នុងឆ្នាំ២០២២គឺមានសភាពល្អប្រសើរ ទោះបីជាប្រទេសចិនប្រឈមការបិទខ្ទប់ដោយសារវិបតិ្តជំងឺកូវីដ-១៩នាពេលនោះក៏ដោយ ហើយសម្រាប់ឆ្នាំ២០២៣នេះ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនេះនឹងកាន់តែមានភាពលេចធ្លោ និងល្អប្រសើរជាងមុនបន្ថែមទៀត។

សព្វថ្ងៃនេះ វិនិយោគិនចិនដែលមកវិនិយោគនៅកម្ពុជាគឺមានសភាពល្អប្រសើរ និងវិនិយោគស្ទើគ្រប់វិស័យដូចជា ការសាងសង់អាកាសយានដ្ឋានធំៗ ការរុករករ៉ែ ការកែច្នៃរ៉ែ វិស័យឧស្សាហកម្ម វាយនភ័ណ្ឌកាត់ដេរ វិស័សំណង់ គ្រឿងអេឡិចត្រូនិច និងអគ្គិសនីជាដើម។ ទោះជាយ៉ាងណា អនុប្រធានសភាពាណិជ្ជកម្មរូបនេះបានសន្និដ្ឋានថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ចាប់ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២២ នៅតែមិនទាន់មានសភាពដូចដើមវិញ១០០%នៅឡើយទេ ប៉ុន្តែចាប់ពីឆ្នាំ២០២៣នេះទៅ កម្ពុជាបានអនុវត្តកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជា-ចិន ដែលជាឆ្នាំមួយមានស្ថានភាពល្អប្រសើរ រហូតសម្រេចបាននូវដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន នៅចិនដែលបង្ហាញពីការឆ្លើយតបចំពោះកពាក្យសន្យា និងតបតាមការអញ្ជើញរបស់រដ្ឋាភិបាលប្រទេសចិន។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន នៅឆ្នាំ២០២២នេះ មានរហូតទៅដល់ ១៤ ៥០០លានដុល្លារអាម៉េរិក ដែលមានកំណើនរហូតដល់ ១៩ភាគរយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង