Cc time web banner 054637

ធនាគារជាតិ៖អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ មិនមែនជាវត្ថុសម្រាប់«បញ្ចាំ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសបញ្ជាក់ថា អត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ មិនមែនជាវត្ថុសម្រាប់ធានាលើការផ្តល់ឥណទានឡើយ ព្រោះលិខិតទាំងនោះមិនមានតម្លៃសេដ្ឋកិច្ចសម្រាប់សកម្មភាពពាណិជ្ជកម្ម។ នេះជាការក្រើនរំលឹករបស់ធនាគារជាតិនៃកម្ពុជាដល់គ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទទាំងអស់។

បើតាមសេចក្ដីប្រកាស អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជាប្រភេទលិខិតយថាភូតដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចសម្រាប់បញ្ជាក់អត្តសញ្ញាណបុគ្គល និងសម្រង់ស្ថិតិប្រជាពលរដ្ឋតែប៉ុណ្ណោះ។ លិខិតយថាភូតមិនមែនជាទ្រព្យសម្រាប់ការដាក់បញ្ចាំ ឬជាទ្រព្យធានាក្នុងប្រតិបត្តិការផ្តល់ឥណទានឡើយ ពីព្រោះថា លិខិតទាំងនោះមិនមានតម្លៃសេដ្ឋកិច្ចសម្រាប់សកម្មភាពពាណិជ្ជកម្ម។នេះជាការក្រើនរំលឹកដល់គ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទទាំងអស់និងតម្រូវឱ្យគ្រឹះស្ថានបញ្ឈប់ជាបន្ទាន់ ចំពោះការទទួលយកនូវ អត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ជាវត្ថុធានាលើការផ្តល់ឥណទាន។

ធនាគារជាតិបញ្ជាក់ថា ក្នុងករណី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនិងគ្រឹះស្ថានឥណទានជនបទណាមិនអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន គ្រឹះស្ថាននឹងត្រូវរងទណ្ឌកម្មខាងវិន័យស្របតាមមាត្រា ៥២ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង