Yearendyearend1140x150

ជនជាតិដើមភាគតិចកាវ៉ែតក្នុងឃុំសន្តិភាព ទើបមានមណ្ឌលសុខភាពនៅក្នុងឃុំរបស់ពួកគេ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ស្ទឹងត្រែង៖ មណ្ឌលសុខភាពសន្តិភាព ដែលស្ថិតវ៉ែត នៅក្នុងឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នឹងចូលរួមកាត់បន្ថយអត្រាមរណភាពមាតា និងកុមារ និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋភាគច្រើននៅក្នុងឃុំសន្តិភាព គឺជាជនជាតិភាគតិចកាវ៉ែត ហើយនេះជាលើកទី១ ដែលមានមណ្ឌលសុខភាពនៅក្នុងឃុំរបស់ពួកគេ។

នេះជាលើកទីមួយហើយ ដែលប្រជាពលរដ្ឋភាគច្រើនជាជនជាតិដើមភាគតិចកាវ៉ែត នៅក្នុងឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានមណ្ឌលសុខភាពនៅក្នុងឃុំរបស់ពួកគេ។ មណ្ឌលសុខភាពសន្តិភាព ឈរលើទីតាំងដែលមានព្រៃនៅជុំវិញ និងស្ថិតនៅក្បែរព្រំដែនប្រទេសកម្ពុជា-ឡាវ។ កាលពីមុន ប្រជាពលរដ្ឋក្នុងឃុំសន្តិភាពធ្លាប់ទៅមណ្ឌលសុខភាពសៀមប៉ាងដែលមានចម្ងាយប្រហែល ៣៥គីឡូម៉ែត្រពីភូមិរបស់ពួកគេ។

លោក សែន ពិសី ប្រធានមណ្ឌលសុខភាពសន្តិភាព

លោក សែន ពិសី ប្រធានមណ្ឌលសុខភាពសន្តិភាព បានមានប្រសាសន៍ថា ផ្លូវបានរងការខូចខាត ជាពិសេសក្នុងរដូវវស្សា ហើយប្រជាពលរដ្ឋស្ទើរតែមិនអាចធ្វើដំណើរទៅមណ្ឌលសុខភាពបាន ជាពិសេសពួកគេត្រូវធ្វើដំណើរតាមផ្លូវទឹកដើម្បីទៅដល់មណ្ឌលសុខភាពពីរដែលមានស្រាប់។ ដោយសារស្ថានភាពផ្លូវមិនសូវល្អ ស្ត្រីមានផ្ទៃពោះមួយចំនួនសម្រេចចិត្តធ្វើដំណើរឆ្ងាយដោយយានជំនិះផ្ទាល់ខ្លួនទៅកាន់មណ្ឌលសុខភាព។ វាមានគ្រោះថ្នាក់ និងចំណាយពេលច្រើនសម្រាប់ពួកគាត់ នៅពេលដែលមណ្ឌលសុខភាពនៅឆ្ងាយ។

ប្រធានមណ្ឌលសុខភាពរូបនេះ បានបញ្ជាក់ថា កុមារភាគច្រើននៅក្នុងឃុំមិនទាន់បានចាក់វ៉ាក់សាំងទេ ព្រោះគ្មានមណ្ឌលសុខភាពក្នុងឃុំសន្តិភាពនេះ។ លើសពីនេះ ប្រជាពលរដ្ឋមួយចំនួនទទួលបានការថែទាំសុខភាព និងការព្យាបាលពីគ្រូបុរាណ ដែលផ្តល់សេវាសុខភាពដែលមានគុណភាពទាប និងក្នុងតម្លៃខ្ពស់។ លោក សែន ពិសី ពន្យល់ដោយក្តីបារម្ភថា ជំងឺភាគច្រើនដែលប្រជាពលរដ្ឋជួបប្រទះនោះគឺ ជំងឺរាគរូស ការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ គ្រុនចាញ់ គ្រុនឈាម គ្រុនពោះវៀន និងកង្វះអាហារូបត្ថម្ភ។

ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត មានប្រសាសន៍ថា មណ្ឌលសុខភាពសន្តិភាពបង្កភាពងាយស្រួលដល់អ្នកភូមិនៅតំបន់ដាច់ស្រយាលនេះ ជាពិសេសស្ត្រីមានផ្ទៃពោះ។ មណ្ឌលសុខភាពនេះនឹងលើកកម្ពស់ឥរិយាបថប្រកបដោយសុខភាពល្អក្នុងចំណោមអ្នកភូមិក្នុងការទទួលបានសេវាថែទាំសុខភាព កាត់បន្ថយអត្រាមរណភាពមាតា និងទារក និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល។

លោក យី គីមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិ

លោក យី គីមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិ បានលើកឡើងថា ប្រជាជនភាគច្រើននៅក្នុងឃុំសន្តិភាព គឺជាជនជាតិភាគតិច ហើយពួកគេមានចំណេះដឹង និងការយល់ដឹងតិចតួចបំផុតអំពីសុខភាព និងអាហារូបត្ថម្ភរបស់កុមារ កុមារី វ័យជំទង់ និងស្ត្រីវ័យក្មេង។ កង្វះអាហារូបត្ថម្ភកុមារ និងអត្រាមរណភាពកុមារ នៅមានកម្រិតខ្ពស់នៅក្នុងតំបន់នោះ។ មណ្ឌលសុខភាពសន្តិភាព នឹងជួយក្នុងការកាត់បន្ថយបញ្ហាទាំងអស់នេះ។

បើតាមលោក គីមថាន មណ្ឌលសុខភាពសន្តិភាពនឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការប្រើប្រាស់សេវាថែទាំសុខភាពបឋមដែលមានសម្រាប់ជនជាតិដើមភាគតិចដែលមានជីវភាពខ្វះខាត ជាពិសេសស្ត្រី និងកុមារីនៅតំបន់នោះ។ លោកបានបន្ថែមថា តាមរយៈមណ្ឌលសុខភាពនេះ អង្គការភ្លែនអន្តរជាតិកម្ពុជាសង្ឃឹមថានឹងអាចបង្កើនលទ្ធភាពទទួលបានសេវាថែទាំសុខភាពបឋមសម្រាប់មនុស្សជាង ១២,000 នាក់ និងកុមារជាង ៧,000 នាក់។

គួរបញ្ជាក់ថា ការសាងសង់មណ្ឌលសុខភាពសន្តិភាពត្រូវបានបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៣ ដោយមានការឧបត្ថម្ភថវិកាពីអង្គការអន្តរជាតិកម្ពុជា។ នៅក្នុងដំណើរការសាងសង់នេះ ក្រុមការងារបានពិភាក្សាយ៉ាងហ្មត់ចត់ជាមួយភាគីពាក់ព័ន្ធ រួមមានមន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ និងតំណាងយុវជន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង