ភ្នំពេញ៖ ក្រសួងព័ត៌មានកម្ពុជា នៅថ្ងៃទី ១៣ ខែកុម្ភៈនេះ បានប្រកាសសម្រេចលុបចោលអាជ្ញាប័ណ្ណដែលអនុញ្ញាតឱ្យមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ធ្វើសកម្មភាពការងារលើវិស័យព័ត៌មាននៅកម្ពុជា។ការសម្រេចលុបចោលនេះ ក្រោយពីសារព័ត៌មាន VOD បានផ្សព្វផ្សាយបានរំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា បានប្រកាសសម្រេចលុបចោលលិខិតលេខ ១៦៥ព.ម.ប.ក ចុះថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ធ្វើសកម្មភាពការងារលើវិស័យព័ត៌មាននៅកម្ពុជា។
បើតាមលិខិតបញ្ជាក់ពន្យល់ថា ដោយសារអង្គភាពសារព័ត៌មាននេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និង កិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទប្បញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន។
ការសម្រេចលុបអាជ្ញាប័ណ្ណ VODនេះ ធ្វើឡើងក្រោយពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ខែកុម្ភៈនេះ បានបដិសេធមិនទទួលយកការសុំទោសទាំងកណ្តាលអធ្រាត្ររបស់វិទ្យុ VOD។ហើយមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌី នោះឡើយ។សម្តេចបានចេញបញ្ជាដល់ស្ថាប័នមានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់កាលពីល្ងាចថ្ងៃ ១២កុម្ភៈ ២០២៣ ដោយគ្មានការកែប្រែ។
បើតាមសម្តេច ហ៊ុន សែន បានប្រាប់ទៅបុគ្គលិកVODដែលបានបាត់បង់ការងារឱ្យបន្ទោសមេដឹកនាំរបស់ខ្លួន ឬប្រទេសម្ចាស់លុយ ដែលបានកសាងកំហុសតាំងពីការផ្សាយព័ត៌មានមួលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវ លើការសូមទោស ហើយធ្វើឱ្យបុគ្គលិកបាត់បង់ការងារធ្វើ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន តាមរយៈហ្វេសប៊ុកបានអះអាថា ករណីបិទស្ថាប័នVOD គឺជាមេរៀនទៅដល់ស្ថាប័នផ្សព្វផ្សាយផ្សេងទៀត។ ហើយស្ថាប័នដែលមិនព្រមចុះការបំភ្លឺ អាចប្រឈមនឹងការដកអាជ្ញាបណ្ណដូចគ្នា។
លោក កាញារីទ្ធ ថ្លែងថា៖ «តំណក់ចុងក្រោយដែលធ្វើអោយទឹកហៀរចេញពីធុង! មិនដឹងអ្នកណាជាអ្នកអោយយោបល់ VOD! តែមានតែស្ថានទូតទេ ដែលប្រឹងចៀសមិនប្រើពាក្យ«សូមទោស»! ស្ថាប័នកាសែតប្រើភាសាទូតទោះចង់ជួយក៏ពិតជាយ៉ាប់ហើយ! តែក៏ជាមេរៀនដល់ស្ថាប័នផ្សព្វផ្សាយព័ត៌មានឯទៀតដែរ។ ស្ថាប័នដែលមិនព្រមចុះការបំភ្លឺរបស់គេអាចប្រឈមនឹងការដកអាជ្ញាប័ណ្ណដូចគ្នា»៕