ភ្នំពេញ៖ ព្រះមហាក្សត្រព្រះបាទ ព្រះនរោត្តម សីហមុនី និងសម្តេចម៉ែ មុនីនាថ សីហនុ នៅថ្ងៃទី ១២ កុម្ភៈនេះ បានយាងចាកចេញពីប្រទេសកម្ពុជាហើយ ដើម្បីទទួលការពិនិត្យព្រះរាជសុខភាព នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ដំណើរយាងរបស់ព្រះអង្គធ្វើឡើងអមដំណើរដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈហ្វេសប៊ុកផ្លូវការ បានបង្ហាញពីការអញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពផងដែរ។សម្តេចបានសរសេរថា៖ "សូមព្រះអង្គទាំងទ្វេទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ"
គួរបញ្ជាក់ថា ការយាងចាកចេញទៅទទួលការពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាទើបត្រឡប់មកពីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។ជាដំណើរទស្សនកិច្ចដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ទទួលបានផ្លែផ្កាយ៉ាងច្រើនពីចិន ជាពិសេសការពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ និង ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចកម្ពុជា៕