
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍មានសុទិដ្ឋិនិយមថា ការធ្វើរដំណើររបស់ទេសចរចិនមកកម្ពុជានឹងកើនឡើងជាលំដាប់ចាប់ពីខែមីនា ឆ្នាំ២០២៣នេះតទៅ ខណៈថ្មីៗនេះកម្ពុជាទទួលបានភ្ញៀវទេសចរចិន១២៥នាក់មកពីទីក្រុងប៉េកាំងជាលើកដំបូង ហើយនាពេលខាងមុខកម្ពុជាក៏នឹងមានជើងហោះលើកដំបូងពីគួនមីងមកសៀមរាប និងពីសៀងហៃមកសៀមរាបផងដែរ។ ប្រសាសន៍នេះត្រូវបានថ្លែងនាឱកាសដែលកម្ពុជាបានរៀបចំការទទួលស្វាគមន៍ចំពោះភ្ញៀវទេសចរចិនមកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា កម្ពុជារៀបចំទទួលស្វាគមន៍ទេសចរចិននាពេលនេះ ព្រោះវាជាជើងហោះហើរពីប៉េកាំងមកភ្នំពេញឡើងវិញលើកទី១តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Air China ក្រោយរដ្ឋាភិបាលចិនបើកឱ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។ ការទទួលស្វាគមន៍នេះរៀបចំដោយក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានកម្ពុជា សមាគមទេសចរណ៍កម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា។
ឯកឧត្តម បានឱ្យដឹងថា ភ្ញៀវទេសចរចិនដែលចុះមកកម្ពុជានាពេលនេះ គឺមានចំនួន១២៥នាក់ ហើយអ្នកខ្លះមកដើរលេងតាមរយៈក្រុមហ៊ុនទេសចរណ៍ និងខ្លះទៀតមកដើរលេងជាមួយមិត្តភក្តិធម្មតា។ ប្រតិបត្តិការហោះហើរនេះធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍ Air China ដែលជាក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋចិន។
ឯកឧត្តម បានបន្តថា បន្ទាប់ពីការមកដល់របស់ភ្ញៀវទេសចរចិនលើកដំបូងនេះ កម្ពុជានឹងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឱ្យបានពីចន្លោះពី៨០ម៉ឺននាក់ទៅ១លាននាក់ ក្នុងឆ្នាំ២០២៣នេះ។ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ ក៏នឹងមានជើងហោះលើកដំបូងពីគួនមីងមកសៀមរាប និងពីសៀងហៃមកសៀមរាប ដែលនឹងប្រតិបត្តិការដោយក្រុមហ៊ុន China Eastern (Charter Flights) ផងដែរ។ ឯកឧត្តមមានសុទិដ្ឋិនិយមថា ការធ្វើរដំណើរទេសចរចិនមកកម្ពុជានឹងកើនឡើងជាលំដាប់ចាប់ពីខែមីនា ឆ្នាំ២០២៣នេះ។
គួរបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាទើបទទួលបានទេសចរអន្តរជាតិប្រមាណ៤០ម៉ឺននាក់ ក្នុងនោះមានទេសចរចិនប្រមាណ២៥,០០០នាក់ ដែលមានការកើនឡើង៩០១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ រីឯជើងហោះហើរដែលចូលមកកម្ពុជាក្នុងខែមករានេះមានចំនួនសរុប១,៦៤៨ជើង ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបាន១,១៧៨ជើង៕
