Yearendyearend1140x150
Img 0571

រដ្ឋគ្រោងបញ្ចេញថវិកាជាង៩ទ្រីលានរៀលសម្រាប់រើសបុគ្គលិកក្របខ័ណ្ឌថ្មី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងបញ្ចេញថវិកាចំនួន ៩ ៥៥៥ ១៩៧ លានរៀល (ជាង៩ទ្រីលានរៀល) ស្មើនឹងប្រមាណជាង ២.៣ ពាន់លានអាម៉េរិក សម្រាប់ចំណាយលើបន្ទុកបុគ្គលិកដូចជា ការជ្រើសរើសបុគ្គលិកក្របខ័ណ្ឌថ្មី ជំនួសអ្នកចូលនិវត្តន៍ក្នុងឆ្នាំ ២០២២ និង ការជ្រើសរើសក្របខ័ណ្ឌគ្រូបង្រៀនឡើងវិញចំនួន ៣ ០០០ កន្លែង បន្ទាប់ពីអាក់ខានចំនួន ២ ឆ្នាំកន្លងមក និងដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការជាដើម។ នេះបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច។

បើតាមរបាយការណ៍ ថវិកាជាង៩ទ្រីលានរៀលនេះ នឹងត្រូវចំណាយលើការជ្រើសរើសក្របខ័ណ្ឌថ្មី ជំនួសអ្នកចូលនិវត្តន៍ក្នុងឆ្នាំ ២០២២ និង ការជ្រើសរើសក្របខ័ណ្ឌគ្រូបង្រៀនឡើងវិញចំនួន ៣ ០០០ កន្លែង បន្ទាប់ពីអាក់ខានចំនួន ២ ឆ្នាំកន្លងមក, ការដំឡើងបៀវត្សជូនមន្ត្រីរាជការឡើងវិញ បន្ទាប់ពីបានផ្អាកការដំឡើងនៅឆ្នាំ ២០២១ និង ឆ្នាំបង្វែរធនធានទៅដោះស្រាយផលប៉ះពាល់ពីវិបត្តិនៃជំងឺនេះ និង ការដំឡើងប្រាក់ឧបត្ថម្ភ២០២២ ដោយសារវិបត្តិជំងឺកូវីដ-១៩ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលធ្វើវិចារណកម្មចំណាយដើម្បីប្រចាំខែសម្រាប់មន្ត្រីជាប់កិច្ចសន្យា ពី ៦៧ ម៉ឺនរៀល ទៅដល់ ៧១ ម៉ឺនរៀល ដោយអនុវត្តចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២៣។

ជារួម នៅឆ្នាំ ២០២៣ បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល និង កងកម្លាំងប្រដាប់អាវុធ នឹងមានស្ថានភាពកើនឡើងដូចតទៅ៖ បៀវត្សមន្ត្រីរាជការស៊ីវិល នឹងត្រូវបានដំឡើងពីចំនួន ១ ១៧២ ៥០០ រៀល នៅឆ្នាំ២០២២ ដល់ប្រមាណ ១ ៣០០ ០០០ រៀល ចាប់ពីខែមករា ឆ្នាំ ២០២៣; បៀវត្សគ្រូបង្រៀន និង គ្រូពេទ្យ នឹងត្រូវបានដំឡើងពីចំនួន ១២៧២ ៥០០ រៀល នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ៤០០ ០០០ រៀល ចាប់ពីខែមករា ឆ្នាំ ២០២៣; បៀវត្សនគរបាល (ពលបាលតី) នឹងត្រូវបានដំឡើងពីចំនួន ១ ២៥៦ ៩៧៧ រៀល(ដោយគិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ៣៨៤ ៤៧៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ) ចាប់ពីខែមករា ឆ្នាំ ២០២៣; បៀវត្សយោធិន ( ពលទោ) នឹងត្រូវបានដំឡើងពីចំនួន ១ ១២៣ ៥០០ រៀល (ដោយមិនគិតបញ្ចូលរបបអង្ករ) នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ២៥១ ០០០ រៀល (ដោយមិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករ ត្រូវជាប្រមាណ ១ ៣០៩ ៤៧៧ រៀលចាប់ពីខែមករា ឆ្នាំ ២០២៣។

ថវិកាចំនួន ៥០ ប៊ីលានរៀល ត្រូវបានគ្រោងសម្រាប់មូលនិធិថែទាំសុខភាពជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន និងបានបន្តគ្រោងថវិកចំនួន ៦ ប៊ីលានរៀល ដើម្បីទ្រទ្រង់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រី-សាធារណៈ នៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល។

ចំពោះប្រាក់សោធននិវត្តន៍ ក៏ត្រូវបានគ្រោងថវិកាចំនួន ១៨១ ប៊ីលានរៀល សម្រាប់ការដំឡើងប្រាក់សោធនអប្បបរមាប្រចាំខែជូនដល់និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ ក្នុងគោលដៅជួយគាំទ្រដល់ជីវភាពរបស់ពួកគាត់ ក៏ដូចជាសំដៅកាត់បន្ថយគម្លាតប្រាក់សោធនរបស់និវត្តជនរវាងនិវត្តជនថ្មី និងនិវត្តជនចាស់។ ដូចនេះប្រាក់សោធនអប្បបរមាប្រចាំខែរបស់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន (អតីតយោធិន និងអតីតមន្រ្តីនគរបាលជាតិ) នឹងត្រូវដំឡើងពី ៦៩ម៉ឺនរៀល ទៅដល់៧៧ម៉ឺនរៀលចាប់ពីខែមករា ឆ្នាំ២០២៣៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង