Yearendyearend1140x150

ធនាគារជាតិនៃកម្ពុជាស្នើឱ្យពលរដ្ឋប្រើប្រាស់«សេវាកម្ចី»ពីគ្រឹះស្ថានធនាគារមានអាជ្ញាបណ្ណ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និង អគ្គស្នងការដ្ឋាននគរបាលជាតិ បានស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា។ ការស្នើនេះធ្វើឡើងក្រោយមានសកម្មភាពផ្សព្វផ្សាយនិងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្តាញសង្គមនានា និងអនឡាញយ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា។

បើតាមសេចក្ដីជូនដំណឹង នាពេលថ្មីៗនេះ មានសកម្មភាពផ្សព្វផ្សាយនិងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្តាញសង្គមនានា និងអនឡាញយ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ដោយបានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងបានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ចនិងសង្គមតាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិតដោយបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។ ការណ៍នេះបានជះឥទ្ធិពលដល់ស្ថិរភាពហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជាទាំងមូល។

ដូចនេះ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងគ្រឹះស្ថានឥណទានជនបទ ដែលគ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់និងបទប្បញ្ញត្តិ និងការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនគ្រឹះស្ថានទាំងនេះត្រូវបានការពារដោយច្បាប់។

ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត។

ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋត្រូវចៀសវាងដាច់ខាតចំពោះការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការដែលពុំមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។

ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា សូមប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពផ្តល់ឥណទានខុសច្បាប់រាយការណ៍មកធនាគារជាតិនៃកម្ពុជា តាមរយៈលេខទូរស័ព្ទចំនួន ៥ ខ្សែ៖ ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០។ បន្ថែមពីនេះ ប្រជាពលរដ្ឋក៏អាចប្រឹក្សា/សាកសួរអំពីចម្ងល់និងបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុមកធនាគារជាតិនៃកម្ពុជាតាមរយៈលេខទូរស័ព្ទខាងលើផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង