Yearendyearend1140x150

ជើងហោះហើរកម្ពុជា-ចិននឹងមានសភាពដូចដើមក្នុងរង្វង់៣០%-៤០%ចាប់ពីដើមខែកុម្ភៈនេះទៅ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវចិនមកកម្ពុជានាពេលថ្មីៗនេះ​

ភ្នំពេញ៖ ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២៣នេះតទៅ កម្ពុជារំពឹងទុកថា ដំណើរការហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសរវាងប្រទេសកម្ពុជា និងចិន នឹងមានភាពប្រក្រតីឡើងវិញក្នុងរង្វង់៣០% ទៅ៤០% បើធៀបនឹងមុនវិបត្តិជំងឺកូវីដ-១៩ ឬឆ្នាំ២០១៩។ ការរំពឹងទុកនេះមានឡើងក្រោយអាជ្ញាធរអាកាសចរស៊ីវិលរវាងប្រទេសទាំងពីរ បានឯកភាពគ្នាដាក់ដំណើរការជើងហោះហើរជាប្រក្រតីឡើងវិញ ដោយអនុវត្តតាមកិច្ចព្រមព្រៀងទ្វភាគីឡើងវិញ និងពុំមានការរិតត្បិត ឬកំណត់ចំនួនជើងហោះហើរទៀតឡើយ។

យោងតាមអាកាសចរស៊ីវិល បានឱ្យដឹងថា ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២៣នេះតទៅ កម្ពុជារំពឹងទុកថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសរវាងប្រទេសកម្ពុជា-ចិន នឹងមានភាពប្រក្រតីឡើងវិញក្នុងរង្វង់៣០% ទៅ៤០% បើធៀបនឹងមុនវិបត្តិជំងឺកូវីដ-១៩ ឬឆ្នាំ២០១៩។ ជាមួយគ្នានេះ កម្ពុជាគ្រោងសុំចិន ផ្តល់អាហារូបករណ៍រយៈពេលវែងលើមុខវិជ្ជាវិស្វកម្មឧតុនិយមអាកាសចរណ៍ និងវិស្វកម្មអាកាសយានដ្ឋាន ដល់កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរស៊ីវិលរវាងប្រទេសទាំងពីរ។

បើតាមរបាយការណ៍ មុនវិបត្តិជំងឺកូវីដ-១៩ ជើងហោះហើររវាងប្រទេសទាំងពីរគឺមានសរុបចំនួន ៤១៥ជើង/សប្តាហ៍, ក្រុមហ៊ុនអាកាសចរណ៍ហោះហើរចំនួន ២២ក្រុមហ៊ុន, អាកាសចរណ៍ចិន មានចំនួន ១៦ក្រុមហ៊ុន និងកម្ពុជា មាន ៦ក្រុមហ៊ុន, ភ្ជាប់ទំនាក់ទំនងចំនួន ៣៧ទីក្រុង ដោយក្នុងនោះ ខាងកម្ពុជាមានចំនួន ៣ទីក្រុង និងខាងចិន មានចំនួន ៣៤ទីក្រុង។

អំឡុងវិបត្តិជំងឺកូវីដ-១៩ ការហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស រួមមាន៖ ចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មានជើងហោះហើរតិចតួច, ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មានជើងហោះហើរ ១ជើង/សប្តាហ៍, ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ទើបមានជើងហោះហើរ ២ជើង/សប្តាហ៍, ចាប់ពីថ្ងៃទី១ ខែកក្កដាឆ្នាំ២០២២ ទើបមានជើងហោះហើរ ៦ជើង/សប្តាហ៍, ចាប់ពីថ្ងៃទី១៩ ខែសីហាឆ្នាំ២០២២ ទើបមានជើងហោះហើរ ៣០ជើង/សប្តាហ៍, និង ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០២២ ទើបមានជើងហោះហើរ ៦០ជើង/សប្តាហ៍។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២កន្លងទៅនេះ សន្ទុះកើនឡើងនៃអ្នកធ្វើដំណើរតាមផ្លូវអាកាសមានសរុបជិត២.៤លាននាក់ កើនឡើងជិត៩០០% បើធៀបឆ្នាំ២០២១ និង មានចំនួនស្មើនឹង២៥%នៃឆ្នាំ២០១៩។ ជាមួយគ្នានេះ ជើងហោះហើរពិតប្រាកដក៏មានចំនួនកើនឡើងដែរ គឺមានចំនួនជិត៣ម៉ឺនជើង កើនឡើងជាង២៦០%ធៀបនឹងឆ្នាំ២០២១៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង