Yearendyearend1140x150

វិនិយោគិនបារាំងចាប់អារម្មណ៍វិនិយោគលើវិស័យដឹកជញ្ជូនតាមរថភ្លើងល្បឿនលឿននៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ ភាគីបារាំងបានលើកឡើងអំពីចំណាប់អារម្មណ៍របស់វិនិយោគិនបារាំង ក្នុងការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា ជាពិសេសការអភិវឌ្ឍវិស័យសំណង់ស៊ីវិល និងវិស័យដឹកជញ្ជូន រួមមានរថភ្លើងល្បឿនលឿន និងកំពង់ផែស្វយ័តជាដើម។ ការលើកឡើងនេះ ត្រូវបាបង្ហាញនៅក្នុងឱកាសពិភាក្សាការងាររវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយ ឯកឧត្ដម អូលីវេ្យ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនេះ ឯកឧត្ដម ប៉ាន សូរស័ក្ដិ បានសំណូមពរឱ្យភាគីបារាំងពិចារណាទាក់ទាញអ្នកវិនិយោគិនបារាំងមកកម្ពុជាឱ្យបានកាន់តែច្រើន និងជំរុញទំហំពាណិជ្ជកម្មឱ្យកើនឡើងបន្ថែមទៀត តាមរយៈការប្រើប្រាស់អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាបានចរចាបង្កើតឡើង ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកម្រិតទ្វេភាគីជាមួយចិននិងកូរ៉េខាងត្បូង ដើម្បីផ្ដល់ឱកាសឱ្យវិនិយោគិនបារាំង និងកម្ពុជា មានលទ្ធភាពពង្រីកទីផ្សារនាំចេញផលិតផលសក្ដានុពលទៅកាន់ទីផ្សាអឺរ៉ុបបន្ថែមទៀត ដែលក្នុងនោះរួមមាន៖ ផលិតផលកសិកម្ម ផ្លែឈើ ម្ហូបអាហារ ផលិតផលកែច្នៃ សម្លៀកបំពាក់ រួមទាំងជ័រកៅស៊ូជាដើម។

ជាកិច្ចឆ្លើយតប ឯកឧត្ដម អូលីវេ្យ បិច បានកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់របស់កម្ពុជា និងបានសន្យាទាក់ទាញអ្នកវិនិយោគិន ព្រមទាំងភ្ញៀវទេសចរបារាំងមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត និងសង្ឃឹមថាភាគីទាំងពីរនឹងបន្តកិច្ចសន្ទនាជាដៃគូល្អ ក៏ដូចជាដៃគូអភិវឌ្ឍន៍ ទាំងក្នុងកម្រិតទ្វេភាគី និងកម្រិតតំបន់ ជាពិសេសគឺការចូលរួមឱ្យបានសកម្មក្នុងការរឹតចំណងទំនាក់ទំនងនៃតំបន់អាស៊ាន និងតំបន់អឺរ៉ុប។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរ ក៏បានបង្ហាញឆន្ទៈ និងពិភាក្សាអំពីលទ្ធភាពក្នុងការបង្កើតអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីកម្ពុជា-បារាំង ទាំងក្នុងវិស័យឯកជន និងស្ថាប័នរដ្ឋ ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ជាពិសេសគឺសក្ដានុពលវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

គួរបញ្ជាក់ថា សាធារណរដ្ឋបារាំង គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជានៅក្នុងសហគមន៍អឺរ៉ុប ជាក់ស្ដែងនៅឆ្នាំ២០២២ ភាគីទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មប្រមាណ ៥០០ លានដុល្លារអាម៉េរិក ជាមួយនឹងកំណើនប្រមាណ ១៦.៣១% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៤៣០ លានដុល្លារអាម៉េរិក។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅបារាំង រួមមាន៖ អង្ករ ផលិតផលកសិកម្ម សំលៀកបំពាក់ និងស្បែកជើង ជាដើម រីឯទំនិញនាំចូលសក្តានុពលពីបារាំងមកកម្ពុជាវិញ រួមមាន៖ ឱសថ បន្ទះក្តារ និងភេសជ្ជៈ។ល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង