
ភ្នំពេញ៖ ដោយមានការសម្របសម្រួលពីសំណាក់អាជ្ញាធរកម្ពុជា និងចិន នៅថ្ងៃទី២៧មករា ស្អែកនេះ ភ្ញៀវទេសចរចិននឹងធ្វើដំណើរតាមជើងយន្តហោះពីទីក្រុងគុនមីងនៃប្រទេសចិន មកខេត្តព្រះសីហនុ ដើម្បីឲ្យភ្ញៀវទេសចរចិនបានដើរលេងកម្សាន្តនៅក្នុងខេត្តនេះ។
នៅស្អែកនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏នឹងត្រៀមរៀបចំកម្មវិធីស្វាគមន៍ភ្ញៀវទេសចរជនជាតិចិន តាមជើងយន្តហោះទី១ ពីទីក្រុងគុនមីង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០ នាទីព្រឹក នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
សូមជម្រាបថា កម្មវិធីស្វាគមន៍ការមកដល់របស់ភ្ញៀវទេសចរជនជាតិចិននៅថ្ងៃស្អែកនេះ នឹងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្តព្រះសីហនុ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរទេសចរណ៍ខេត្ត នាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងយុវជនកម្ពុជា ផងដែរ៕