
ភ្នំពេញ៖ គិតមកដល់បច្ចុប្បន្ននេះ ប្រទេស កម្ពុជារកចំណូលបានប្រមាណ ១៥លានដុល្លារពីផលិតផលរ៉ែមាស។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយក្នុង វេទិកាសាធារណៈស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និង ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
យោងតាមរបាយការណ៍ កម្ពុជារកបានចំណូលពីប្រភពរ៉ែមាសបានជាង១៥លានដុល្លារ និង សួយសារបានចំនួនជាង៨លានដុល្លារលើផលិតផលរ៉ែមាសចំនួន ៥,៣តោន។ ចំណែកចំណូលពន្ធដារនៃផលិតផលនេះនៅក្នុងឆ្នាំ២០២២ គឺប្រមូលបាន ៦,៥ លានដុល្លារ ។ដូច្នេះចំណូលសរុបដែលកម្ពុជារកបានពី«រ៉ែមាស»មានប្រមាណជា១៥លានដុល្លារ។
បើតាមក្រសួងសេដ្ឋកិច្ច បានអះអាងថា ចំណូលទាំងអស់នេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយលើការអភិវឌ្ឃជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីជំរុញឱ្យការអភិវឌ្ឍទទួលបានស្នើៗគ្នាសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាសជាលើកដំបូងនៅកម្ពុជាដោយរំពឹងថានឹងទទួលបានចំណូលដុលជាមធ្យម១៨៥លានដុល្លារ ក្នុងនោះរដ្ឋនឹងទទួលបានពន្ធជាថវិកា៤០លានដុល្លារក្នុងមួយឆ្នាំ។ ការដាក់ឲ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាសនេះ គឺធ្វើឡើងក្រោយពីក្រុមហ៊ុនអូស្ត្រាលី ដែលជាម្ចាស់អាជ្ញាប័ណ្ណ បានធ្វើការស្រាវជ្រាវ និងរុករកដោយប្រើពេលអស់១៤ឆ្នាំ៕