Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

បារាំងមានជំនឿលើការវិនិយោគនៅកម្ពុជា ព្រោះមានពលរដ្ឋចំណូលមធ្យមច្រើន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូប៖ SPM Page

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់របស់បារាំង លោក អូលីវ្យេបិច បានជម្រាបសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពួកគេមានជំនឿចិត្តក្នុងការវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាមានពលរដ្ឋមានចំណូលកម្រិតមធ្យមច្រើន បូករួមជាមួយកត្តាអំណោយផលមួយចំនួនទៀត។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក អូលីវេ្យ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្ម ក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស នៅព្រឹកថ្ងៃទី២៥មករានេះ បានដឹកនាំអ្នកវិនិយោគបារាំងមួយក្រុម ជួបសម្តែងការគួរសម និងពិភាក្សាលើការងារវិនិយោគ ជាមួយសម្តេច ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់កម្ពុជា។

នៅក្នុងជំនួបនោះ លោក អូលីវេ្យ បិច បានគោរពជម្រាបជូនសម្តេច ហ៊ុន សែន ថា គណៈប្រតិភូវិនិយោគរបស់បារាំងមានជំនឿចិត្តលើការវិនិយោគនៅកម្ពុជា ដោយឈរលើមូលហេតុថា កម្ពុជា បានចាប់ផ្តើមពីចំណុចសូន្យ ហើយបានបំបែកឯកទគ្គកម្មលើកំណើនសេដ្ឋកិច្ចប្រមាណ ៧ភាគរយ រយៈពេល ២០ឆ្នាំ, កម្ពុជា បន្តធ្វើកំណែទម្រង់ បង្កបរិយាកាសល្អសម្រាប់ការវិនិយោគ, កម្ពុជា កំពុងមានប្រជាពលរដ្ឋមានចំណូលកម្រិតមធ្យមច្រើន។

លោក អូលីវេ្យ បិច បានជម្រាបសម្តេចថា ឈរលើមូលហេតុទាំងនេះហើយ ដែលនាំឱ្យអ្នកវិនិយោគបារាំង សម្រេចចិត្តធ្វើការជាមួយកម្ពុជា ស្វែងរកការវិនិយោគលើវិស័យរថភ្លើងល្បឿនលឿន ដឹកជញ្ជូនតាមផ្លូវទឹក គោក និងអាកាស សំណង់ ថាមពល និងវិស័យដទៃទៀត។

សម្តេច បានស្វាគមន៍ និងជម្រាបជូនប្រតិភូវិនិយោគរបស់បារាំង ទាំងមូលថា កម្ពុជាអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសអាចវិនិយោគ ១០០ភាគរយ សម្រាប់ផ្លូវដែកល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ក្រុងហូជីមិញ។ ដោយឡែកផ្លូវដែកពីរខ្សែទៀត គឺត្រូវពង្រីក ដោយលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យឯកជន តាមទម្រង់ BOT។

សម្តេច ក៏បានជម្រាបប្រតិភូលើវិស័យវិនិយោគ អំពីវិស័យអាទិភាពមួយចំនួនទៀតរបស់កម្ពុជា ដែលរួមមាន ការជំរុញវិស័យឧស្សាហកម្ម ជំរុញការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ជំរុញឱ្យមានការវិនិយោគលើឧស្សាហកម្មកែច្នៃ ដោយកម្ពុជាមានវត្ថុធាតុដើម ដូចជាស្វាយចន្ទី កៅស៊ូ ដំឡូង ស្រូវ។ល។

សូមរម្លឹកថា លោក អូលីវេ្យ បិច កំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសបារាំង និងកម្ពុជា។ ទស្សនកិច្ចនេះ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៤ និង២៥ ខែមករា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង