Cctimesw1140xh150cm copy

សេដ្ឋកិច្ចកម្ពុជារំពឹងកើនក្នុងរង្វង់៥,៦% ប៉ុន្តែសម្ទុះថមថយនៅឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងកើនឡើងក្នុងរង្វង់ ៥,៦% ប៉ុន្តែសន្ទុះកំណើនមានការថមថយជាងការរំពឹងទុកបន្តិច។ការថមថយនេះ គឺដោយសារបញ្ហាប្រឈមជាសកលមួយចំនួនដូចជា ផលវិបាកនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បាននិងកំពុងបន្តអូសបន្លាយ ហើយផលប៉ះពាល់កាន់តែមានភាពធ្ងន់ធ្ងរ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់កាន់តែមានភាពយ៉ាប់យ៉ឺនទៅៗ បន្ទាប់ពីបាននិងកំពុងឆ្លើយតប និងទប់ទល់ជាមួយផលវិបាកនេះអស់រយៈពេលជិត១ឆ្នាំគួបផ្សំនឹងស្លាកស្នាមដែលបន្សល់ពីវិបត្តិជំងឺកូរីដ-១៩។

យោងតាមក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៣នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៥,៦% ប៉ុន្តែសម្ទុះកំណើនមានការថមថយ។ថយដោយសារក្នុងនោះវិស័យបម្រើការនាំចេញ ជាពិសេស វិស័យកាត់ដេរ រំពឹងថាមានកំណើនថមថយ ដោយសារតម្រូវការខាងក្រៅ ជាពិសេសទីផ្សារអឺរ៉ុប ខណៈដែលវិស័យកម្មន្តសាលមិនមែនកាត់ដេរ រំពឹងថានៅបន្តកំណើនល្អក្នុងរង្វង់ ១១.៧% ដោយសក្តានុពលខ្ពស់នៃផលិតកម្មបម្រើការនាំចេញមួយចំនួន(គ្រឿងសង្ហារិម, សូឡា និងគ្រឿងបង្គុំអេឡិចត្រូនិក ជាដើម)និង ការបន្តនិន្នាការល្អប្រសើរនៃផលិតកម្មបម្រើឱ្យតម្រូវការក្នុងស្រុកជាពិសេស ផលិតកម្មម្ហូបអាហារនិងភេសជ្ជៈ។

បើតាមក្រសួងសេដ្ឋកិច្ច វិស័យសំណង់ និងអចលនទ្រព្យ រំពឹងថានឹងបន្តកើនឡើង ប៉ុន្តែក្នុងល្បឿនយឺតក្នុងរង្វង់ ១,១%និង ១,២% រៀងគ្នា ដោយសារការរំពឹងទុកនូវការងើបឡើងវិញយឺតនៃរំហូរវិនិយោគទុនពីបរទេស ខណៈដែលវិស័យនេះរំពឹងថានឹងបន្តទ្រទ្រង់ដោយការវិនិយោគ និងតម្រូវការក្នុងស្រុក (ផ្នែកលំនៅឋាន), និងនិន្នាការនៃសកម្មភាពសំណង់បម្រើឱ្យឧស្សាហកម្ម និងសេវាកម្មក្នុងស្រុក។ វិស័យកសិកម្ម រំពឹងថានៅបន្តរក្សាបាននិន្នាការល្អប្រសើរក្នុងរង្វង់ ១,១% ដែលទ្រទ្រង់ដោយអនុវិស័យដំណាំ រួមមាន ស្រូវ និងដំណាំផ្សេងទៀត (ដំឡូងមី និងពោត), និងអនុវិស័យចិញ្ចឹមសត្វ ជាពិសេសផលិតកម្មជ្រូក។

វិស័យទេសចរណ៍(សណ្ឋាគារ និងភោជនីយដ្ឋាន) រំពឹងថានៅបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៣២,៧% ដោយសារការបន្តងើបឡើងនរំហូរមនុស្ស ទាំងក្នុងនិងក្រៅតំបន់។ ការដកចេញគោលនយោបាយគ្មានកូវីដរបស់ចិន គួបផ្សំនឹងការប្រារព្ធព្រឹត្តិការណ៍ស៊ីហ្គេម នឹងផ្តល់ភាពអំណោយផលដល់វិស័យទេសចរណ៍ សម្រាប់ឆ្នាំ ២០២៣នេះ។ ទន្ទឹមនេះ ទេសចរជាតិក៏រំពឹងថានឹងបន្តនិន្នាការកើនឡើង ដោយសារភាពកាន់តែល្អប្រសើរនៃសេវាកម្មទេសចរណ៍ និងកន្លែងកំសាន្ត ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយធ្វើដំណើរក៏កាន់តែមានភាពងាយស្រួលជាងមុន។

ជាលទ្ធផល កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,៣លាននាក់ និងទេសចរជាតិប្រមាណ ១៤ លាននាក់ក្នុងឆ្នាំ ២០២៣។ ទន្ទឹមនេះ វិស័យលក់ដុំ-រាយក៏រំពឹងថានឹងបន្តនិន្នាការល្អប្រសើរ ពោលមានកំណើនក្នុងរង្វង់ ៦,៥% ដោយសារការបន្តនិន្នាការនៃការកើនឡើងសកម្មភាពចាយវាយក្នុងស្រុក និងកំណើនសកម្មភាពទេសចរណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង