Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

គម្រោង«រថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត»មានប្រវែង៣៨២គីឡូម៉ែត្រ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖គម្រោងសាងសង់«រថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត»មានប្រវែង ៣៨២ គ.ម និង ត្រូវការទុនវិនិយោគប្រមាណជាង៤ពាន់លានដុល្លារអាម៉េរិក។នេះបើយោងតាមការសិក្សាបឋមរបស់ក្រុមហ៊ុនសាជីវកម្មថ្នល់ និង ស្ពានចិន (CRBC)។គម្រោងនេះផ្តោតចម្បងលើសេវាដឹកជញ្ជូនអ្នកដំណើរ និង ដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជាទៅប្រទេសថៃ និង ភ្ជាប់ទៅតំបន់នានាជាច្រើនទៀត។ 

យោងតាមការសិក្សាបឋម បានគូសបញ្ជាក់ថា គម្រោងនេះមានប្រវែង ៣៨២គ.ម ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាម៉េរិកដោយរួមបញ្ចូលទាំងក្បាល និង ទូរថភ្លើងសម្រាប់ដំណើរការ និង ប្រើប្រាស់រយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន ៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និង គ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។

បើតាមរបាយការណ៍របស់ក្រុមហ៊ុន ខ្សែររថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និង មានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និង ស្ថានីយលើកដាក់ទំនិញ។

គម្រោងនេះ គឺផ្តោតចម្បងលើសេវាដឹកជញ្ជូនអ្នកដំណើរ និង ដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និង ទំនិញតាមខ្សែបណ្ដោយពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ។ 

គួរបញ្ជាក់ថា រដ្ឋាភិបាល បានជំរុញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យពន្លឿនការសិក្សាលើគម្រោងធ្វើរថភ្លើងល្បឿនលឿនពី រាជធានីភ្នំពេញទៅព្រះសីហនុ និងពីភ្នំពេញ ទៅប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃ។​គម្រោងនេះនឹងក្លាយជាផ្លូវដែកល្បឿនលឿនស្ដង់ដារដំបូងគេបំផុត នៅក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយទៅជាខ្សែផ្លូវដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញដ៏សំខាន់ទាំងនៅក្នុងប្រទេស និងភ្ជាប់ទៅក្រៅប្រទេសផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង