
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានសម្រេចបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៥ ក្រុមហ៊ុន។ការសម្រេចនេះ ក្រោយពីក្រុមហ៊ុនទាំងនោះ ពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមកដែលមិនទាន់ដោះស្រាយរួចរាល់។
យោងតាមសេចក្តីជូនដំណឹងអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៥ ក្រុមហ៊ុន រួមមាន៖ ទីភ្នាក់ងារទេសចរណ៍ អេស៊ា ខននើរ ត្រាវែល (ASIA CORNER TRAVEL, LTD.)។ ការីទេសចរណ៍ ប៊ីយ៉ន បឌើរ ត្រាវែល អេន ធួរ ឯ.ក (BEYOUND BORDERS TRAVEL AND TOURS CO., LTD)។ការីទេសចរណ៍ ហ្គូដ ធួរ & អ៊ែរ ឯ.ក (GOOD TOURS & AIR CO., LTD.)។ការីទេសចរណ៍ ខូរៀ អេស៊ា ត្រាវែល (KOREA ASIA TRAVEL)។ការីទេសចរណ៍ មេរុ ធួរ (MERU TOUR)
បើតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងទេសចរណ៍នឹងដំណើរការតាមនីតិវិធីក្នុងការអនុញ្ញាតឱ្យបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ក្នុងរយៈពេល០១ខែទៀត ដោយទុកលទ្ធភាពឱ្យប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ធ្វើការតវ៉ា។សម្រាប់ក្រសួងករណីបិទនេះ មានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមកដែលមិនទាន់ដោះស្រាយរួចរាល់៕