Yearendyearend1140x150

ជើងហោះហើរកម្ពុជា-ចិនមានសន្ទុះឡើងវិញ ក្រោយពីចិនប្រកាសបើកប្រទេស

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ីន ចាន់សិរិវុត្ថា អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា (រូបភាព៖​​ស៊ីស៊ីថាមស៍)

ភ្នំពេញ៖ ជើងហោះហើរកម្ពុជា-ចិន បានបង្ហាញជាសញ្ញាមានសន្ទុះឡើងវិញ ក្រោយចិនប្រកាសបើកប្រទេសឡើងវិញចាប់ពីថ្ងៃ៨មករានេះតទៅ។បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ចិនមួយចំនួនធំ បានស្នើសុំម៉ោង និង កន្លែងចុះចតនៅតាមអាកាសយានដ្ឋាននានានៅក្នុងកម្ពុជាដែលអាចព្យាករណ៍បានថា អាចកើនចន្លោះពី១៥-២០ជើងក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃនេះ ដល់ខែ៣។

លោក ស៊ីន ចាន់សិរិវុត្ថា អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍ថា ចាប់ពីថ្ងៃ ៨មករានេះទៅ គឺចិនមិនបានកំណត់ចំនួនជើងហោះហើរជាមួយកម្ពុជាទៀតទេ ជារួមការហោះហើររវាងប្រទេសកម្ពុជា-ចិន គឺមានការហោះហើរដោយសេរី។បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ចិនមួយចំនួនធំ បានស្នើសុំម៉ោង និង កន្លែងចុះចតនៅតាមអាកាសយានដ្ឋាននានានៅក្នុងប្រទេសកម្ពុជា ដោយនៅក្នុងសប្តាហ៍ទី៣នេះចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២នេះ គឺមានចំនួនជាង៨០ជើង កើនជាងសប្ដាហ៍ទី២ដែលមានតែជាង៥០ជើង។ រីឯសប្ដាហ៍ទី៤ ព្យាករណ៍បានថា គឺអាចឡើងដល់ជាង១០០ជើង ហើយបន្តកើនឡើងរហូតដល់សប្តាហ៍ទី៥ ទី៦ រហូតដល់ខែ៣ខាងមុខនេះ ជើងហោះហើរកម្ពុជា-ចិន អាចនឹងមានការកើនឡើងជាធ្យមចន្លោះពី១៥-២០ជើងក្នុងមួយសប្តាហ៍។

បើតាមលោក ស៊ីន ចាន់សិរិវុត្ថា ចាប់ពីខែ៣ ឆ្នាំ២០២៣នេះតទៅ កំណើនជើងហោះហើររវាងប្រទេសទាំងពីរ អាចនឹងមានសភាពថេរ ដោយអាចកើនឡើងត្រឹមតែ២-៣ជើងតែប៉ុណ្ណោះក្នុងមួយសប្ដាហ៍ រីឯចំនួនអ្នកធ្វើដំណើរគឺមិនអាចកំណត់បានទេ ព្រោះពេលខ្លះជើងហោះហើរមួយអាចនឹងមិនមានអ្នកជិះច្រើនដែរ។

លោកបានអះអាងថា កម្ពុជាមិនមែនជាជម្រើសទី១របស់ជនជាតិចិនទេ ព្រោះភ្ញៀវទេសចរចិន និងអ្នកធុរកិច្ចចិនភាគច្រើនចូលចិនធ្វើដំណើរទៅប្រទេសថៃ ប៉ុន្តែបើស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ទើបកម្ពុជាជាជម្រើសទី១របស់ប្រទេសចិន។ ទន្ទឹមនឹងការធ្វើដំណើររបស់ភ្ញៀវចិនទៅប្រទេសជិតខាង ភ្ញៀវចិនខ្លះក៏អាចនឹងឆ្លៀតមកកម្សាន្តនៅកម្ពុជាផងដែរ។

តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា កំពុងបង្កើតព្រឹត្តិការណ៍ផ្សេងៗ និង ផ្សព្វផ្សាយពីតំបន់គោលដៅទេសចរណ៍នានា ដើម្បីទាក់ទាញភ្ញៀវចិន ហើយកម្ពុជាបានប្រកាសទទួលស្វាគមន៍ជនជាតិចិនគ្រប់រូបភាពទាំងភ្ញៀវទេសចរ វិនិយោគិន និងផ្សេងៗទៀតដោយឥតលក្ខខណ្ឌ, មិនមានការប្រើប្រាស់វិធានការណ៍កូវីដ, និង អាចទទួលបានទិដ្ឋការនៅពេលមកដល់បាន។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២កន្លងទៅនេះ សន្ទុះកើនឡើងនៃអ្នកធ្វើដំណើរតាមផ្លូវអាកាសមានសរុបជិត២.៤លាននាក់ កើនឡើងជិត៩០០% បើធៀបឆ្នាំ២០២១ និង មានចំនួនស្មើនឹង២៥%នៃឆ្នាំ២០១៩។ ជាមួយគ្នានេះ ជើងហោះហើរពិតប្រាកដក៏មានចំនួនកើនឡើងដែរ គឺមានចំនួនជិត៣ម៉ឺនជើង កើនឡើងជាង២៦០%ធៀបនឹងឆ្នាំ២០២១៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង