ភ្នំពេញ៖លោកស្រី ព្រហ្ម សុភា សាស្ដ្រាចារ្យនៃសាកលវិទ្យាល័យខេមតិច បានមានប្រសាសន៍ថា ប្រសិនបើឥលូវនេះមិនចេះសរសេរកូដ វាមិនមែនជាបញ្ហានោះទេ។ វាអាស្រ័យលើបុគ្គល ថាតើចង់រៀនឬអត់?ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាស្ដីពី ការសិក្សា និងអាជីពនាពេលអនាគតរបស់អ្នក ដែលរៀបចំដោយសាកលវិទ្យាល័យខេមតិច នាថ្ងៃទី១៩ មករា។
លោកស្រី ព្រហ្ម សុភា បានគូសបញ្ជាក់ថា នៅពេលលោកស្រីចាប់ជំនាញ វិស្វករព័ត៌មានវិទ្យា លោកស្រីមិនមានមូលដ្ឋានគ្រឹះពាក់ព័ន្ធបច្ចេកវិទ្យានោះឡើយ ជាពិសេស នៅពេលលោកស្រីបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសបារាំង លោកស្រីមិនបានចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំទី១នោះទេ គឺលោកស្រីចូលរៀនឆ្នាំទី២តែម្ដង ប៉ុន្ដែលោកស្រីនៅតែរៀនបានចំនាត់ថ្នាក់លេខ១។ ដូច្នេះការចេះសរសេរកូដនៅពេលនេះឬអត់ វាមិនសំខាន់ឡើយ សំខាន់ថាតើយើងស្រឡាញ់បច្ចេកវិទ្យា និងដាក់ចិត្តរៀនបានកម្រិតណា?
លោកស្រី ព្រហ្ម សុភា បានចែករំលែងបន្តទៀតថា ក្រោយបញ្ចប់ការសិក្សាជំនាញពាក់ព័ន្ធបច្ចេកវិទ្យា ពួកគេអាចទទួលបានឱកាសការងារច្រើននៅក្នុងក្រុមហ៊ុន ដែលពួកគេបែងចែកក្រុមហ៊ុនជាពីរ គឺក្រុមហ៊ុនដែលមិនសង្កត់ធ្ងន់លើបច្ចេកវិទ្យា តែជាក្រុមហ៊ុនដែលត្រូវការប្រើបច្ចេកវិទ្យា ដូចជានៅក្នុងធនាគារ ក្រុមហ៊ុនសំណង់ និងក្រុមហ៊ុនផ្សេងទៀត ដែលត្រូវការផ្នែកព័ត៌មានវិទ្យា។ បន្ថែមពីនេះទៀត ពួកគេអាចធ្វើការនៅក្នុងក្រុមហ៊ុនផ្នែកបច្ចេកវិទ្យា ទៀតផង។
គួរបញ្ជាក់ថា នៅរយៈពេលចុងក្រោយនេះ ជំនាញបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ ខណៈមានតម្រូវការការងារក៏មានតម្រូវការខ្ពស់ ដែលធ្វើឱ្យសិស្សានុសិស្ស ចាប់ផ្ដើមមានចំណាប់អារម្មណ៍ទៅលើការសិក្សាជំនាញបច្ចេកវិទ្យា។
គេសង្កេតឃើញថា យុវជនដែលរៀនចប់ថ្នាក់ទី១២ ផ្ដើមចាប់អារម្មណ៍លើការសិក្សាជំនាញបច្ចេកវិទ្យានេះ ព្រោះវាមានទីផ្សារការងារទូលំទូលាយ និងអាចទទួលបានប្រាក់ខែខ្ពស់។ជំនាញនៅក្នុវិស័យបច្ចេកវិទ្យាមានដូចជា វិទ្យាសាស្ត្រកុំព្យូទ័រ ទូរគមនាគមន៍ និងបណ្តាញ បច្ចេកវិទ្យាក្លោដ ការអភិវឌ្ឍសុសវែរ វិទ្យាសាស្ត្រទិន្នន័យ សន្តិសុខសាយប័រ បច្ចេកវិទ្យាប្លុកឆេន បច្ចេកវិទ្យាហិរញ្ញវត្ថុ បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត ពាណិជ្ជកម្មតាមប្រព័ន្ឋអេឡិចត្រូនិក និង មានជំនាញជាច្រើនទៀត៕