Yearendyearend1140x150

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ចំណាយថវិកា៣០០លានដុល្លារសាងសង់អាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមហ៊ុន បានចុះហត្ថលេខាជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) លើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងផ្តល់ការទទួលស្គាល់លើផែនការមេ សម្រាប់សាងសង់អាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុងលំដាប់៤C លើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងព្រះសីហនុ ដោយគ្រោងចំណាយថវិកាសាងសង់ចំនួន ៣០០លានដុល្លារអាម៉េរិក និងប្រើរយៈពេលសាងសង់ចំនួន ៥ឆ្នាំ។

ការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម ម៉ៅ ហាវណ្ណាល់ និងអភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ ព្រមទាំងមានការចូលរួមពីប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធផងដែរ។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា អាកាសយានដ្ឋានថ្មីនេះ ជាអាកាសយានដ្ឋានអន្តរជាតិទី៤ ដែលបានធ្វើការវិនិយោគដោយវិស័យឯកជន បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។

ឯកឧត្តមបន្តថា ការចូលរួមក្នុងភាពជាដៃគូពីក្រុមហ៊ុន Royal Group បានបង្ហាញពីសញ្ញាវិជ្ជមានមួយសម្រាប់ជំរុញឱ្យមានកំណើន និងការទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់រយៈពេលវែង ជាពិសេសបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញក្នុងស្រុក-ក្រៅស្រុក តាមផ្លូវអាកាសរបស់កម្ពុជា ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក។

ប្រធានក្រុមហ៊ុន Royal Group អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៨ រាជរដ្ឋាភិបាលបានប្រគល់សិទ្ធិពេញលេញជូនអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គាត ឈុន ដើម្បីផ្តល់ការអនុម័យលើកិច្ចព្រមព្រៀងជួលកោះរ៉ុងជាមួយក្រុមហ៊ុន Royal Group និងអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ចម ប្រសិទ្ធ ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាជួលក្នុងនាមរដ្ឋាភិបាលកម្ពុជា។

បើតាមអ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលកោះរ៉ុងជាមួយក្រុមហ៊ុន Royal Group និងអនុម័តផែនការមេអភិវឌ្ឍន៍កោះរ៉ុងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៨៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង