Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

យុវជន ឈុន ឆាយា ចំណាយពេលហ្វឹកហាត់«សិល្បៈបុរាណ»ជិត៥ឆ្នាំ ដើម្បីចង់ក្លាយជាអ្នកបង្ហាត់

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ លោក ឈុន ឆាយា បាននិងកំពុងធ្វើការស្ម័គ្រចិត្តក្នុងការហ្វឹកហាត់សិល្បៈបុរាណ នៅក្នុងក្រុមសិល្បៈយុវជនល្ខោនខោល និង របាំបុរាណជំនាន់ថ្មី ជិត៥ឆ្នាំមកហើយ។ ទម្រង់សិល្បៈដែលយុវជន ឆាយា កំពុងហាត់រៀន មានទម្រង់ល្ខោនខោល របាំប្រពៃណី និងរបាំបុរាណ(សម្រាប់មនុស្សស្រី)។ យុវជនរូបនេះក៏មានក្ដីស្រម៉ៃក្នុងការសិក្សាទម្រង់សិល្បៈបុរាណ ឱ្យកាន់តែស៊ីជម្រៅ ដើម្បីចែករំលែកទៅកាន់មនុស្សផ្សេងទៀត ក៏ដូចជាយុវជនជំនាន់ក្រោយផងដែរ។

តាមយៈការសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍លោក ឈុន ឆាយា បានឱ្យដឹងថា លោកបានចាប់អារម្មណ៍ទៅលើទម្រង់សិល្បៈបុរាណតាំងពីកំពុងសិក្សានៅថ្នាក់វិទ្យាល័យមកម្លេះ ប៉ុន្ដែនៅពេលនោះលោកមិនមានពេលវេលាគ្រប់គ្រាន់ សម្រាប់ការហាត់រៀនឡើយ។ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ទើបលោកអាចឆ្លៀតពេលវេលាពីការសិក្សាខ្លះ ដើម្បីធ្វើការហាត់រៀន ក្នុងនាមជាយុវជនស្ម័គ្រចិត្ត។ ទម្រង់សិល្បៈដែលលោក កំពុងហាត់រៀន មានទម្រង់ល្ខោនខោល របាំប្រពៃណី និងរបាំបុរាណ(សម្រាប់មនុស្សស្រី)។ រហូតមកដល់បច្ចុប្បន្ននេះ លោកបានចំណាយពេលវេលាហ្វឹកហាត់សិល្បៈបុរាណជិត៥ឆ្នាំមកហើយ។

យុវជនមកពីខេត្តកណ្ដាលរូបនេះបានបន្ដថា សិល្បៈបុរាណ ជាទម្រង់សិល្បៈមួយដែលមានភាពអស្ចារ្យ ប្លែកពីជាតិសាសន៍ដ៏ទៃ ដើម្បីចូលរួមអភិរក្ស ការពារ និងផ្សព្វផ្សាយ អំពីវប្បធម៌របស់ខ្លួនទៅកាន់សកលលោក ក៏ជាតួនាទីមួយផ្នែករបស់យុវជន ព្រោះទម្រង់សិល្បៈបុរាណជាផ្នែកមួយដែលអាចបញ្ជាក់ពីអត្តសញ្ញាណរបស់កម្ពុជាផងដែរ។ ដូច្នេះហើយទើបលោកចំណាយពេលវេលាដែលនៅសល់ពីការសិក្សា និងការងារ ក្នុងការហ្វឹកហាត់សិល្បៈបុរាណនេះ។

លោក ឆាយា បានបន្ដទៀតថា ការសិក្សាទៅលើទម្រង់សិល្បៈបុរាណនេះ មានផលលំបាកច្រើន និងត្រូវប្រើពេលវេលាយូរ ដែលជាហេតុធ្វើឲ្យយុវជនមួយចំនួនធំមិនសូវចំណាយពេលដើម្បីសិក្សាស្វែងយល់ពីវាឡើយ។ ជាពិសេស ទាក់ទងទៅនឹងការពត់រាងកាយ (ពត់ដៃ និងពត់ជើង) ដើម្បីអោយមានភាពរស់រវើកនៅក្នុងការសម្ដែង ហើយការហ្វឹកហាត់ក្នុងការចាប់ក្បាច់នីមួយៗ ត្រូវប្រើពេលវេលាច្រើន ហើយត្រូវការប្រើអារម្មណ៍ និងប្រើកម្លាំងជាច្រើនក្នុងពេលហាត់រៀន ប៉ុន្តែបញ្ហាទាំងអស់នោះវាមិនមែនជាឧបស័គ្គសម្រាប់លោកនោះទេ ព្រោះលោកធ្វើវាដោយក្ដីស្រលាញ់ និងចង់សិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅផងនោះ ទើបលោកមិនបោះបង់ការហ្វឹកហាត់នេះ។

សម្រាប់លោក ឆាយា យុវជនកម្ពុជាគួរតែសិក្សាស្វែងយល់ពីសិល្បៈបុរាណបន្ថែម។ ថ្វីត្បិតតែសិល្បៈបុរាណមានច្រើនទម្រង់ផ្សេងៗគ្នា និងមានការពិបាកនៅក្នុងសិក្សា ប៉ុន្ដែយ៉ាងហោចណាស់ក្នុងនាមជាយុវជនម្នាក់ ក៏គួរតែស្គាល់ទម្រង់សិល្បៈបុរាណរបស់ប្រទេសខ្លួន ពី៣ទៅ៤ទម្រង់ដែរ។ ម្យ៉ាងវិញទៀតការសិក្សាស្វែងយល់ពីសិល្បៈបុរាណនេះ មិនតម្រូវទាល់តែមានពេលវេលាគ្រាប់គ្រាន់ ទើបអាចចូលហាត់រៀនបាននោះទេ។

យុវជនដែលមានវ័យ២២ឆ្នាំរូបនេះបានឱ្យដឹងទៀតថា នាថ្ងៃអនាគតលោកមានបំណងសិក្សាសិល្បៈបុរាណឱ្យកាន់តែស៊ីជម្រៅ ដើម្បីធ្វើជាអ្នកចែករំលែកចំណេះដឹងទាំងអស់នោះទៅកាន់មនុស្សផ្សេងទៀត និងយុវជនជំនាន់ក្រោយ ឱ្យស្គាល់សិល្បៈបុរាណកាន់តែច្បាស់។ ជាពិសេសនោះការសិក្សាសិល្បៈបុរាណគឺជាកម្លាំងចលករមួយដែលអាចលើកមុខមាត់ប្រទេសកម្ពុជាអោយមានឈ្មោះបោះសម្លេងនៅលើឆាកអន្ដរជាតិ នឹងជាការរក្សានូវកេរ្ត៍ដំណែលរបស់ដូនតាដែលបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ។

គួរបញ្ជាក់ថា លោក ឈុន ឆាយា មានអាយុ២២ឆ្នាំ និងទីកន្លែងកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ លោកបានបញ្ចប់ការសិក្សា មធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំ២០១៨។ បន្ទាប់មកលោកបានបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច និងបញ្ចប់ការសិក្សានៅក្នុងឆ្នាំ២០២២៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង