Yearendyearend1140x150

កម្ពុជា-ម៉ាល់ឌីវ លើកលែងទិដ្ឋការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរចំនួន៣០ថ្ងៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជា-ម៉ាល់ឌីវ បានសម្រេចឱ្យមានការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ ដែលកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា ចំនួន៣០ថ្ងៃ ដែលនឹងចូលរួមសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋនៃប្រទេសទាំងពីរកាន់តែប្រសើរនៅថ្ងៃអនាគត។ នេះជាការបញ្ជាក់របស់ឯកត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អំឡុងពេលទស្សនកិច្ចផ្លូវការរបស់សម្ដេច ហ៊ុន សែន ក្នុងទីក្រុងម៉ាល ប្រទេសម៉ាល់ឌីវ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

នាឱកាសនេះ ឯកឧត្ដម ថោង ខុន បានឲ្យដឹងថា អំឡុងពេលទស្សនកិច្ចផ្លូវការរបស់សម្ដេច ហ៊ុន សែន ដែលប្រកបដោយលទ្ធផលផ្លែផ្កាយ៉ាងច្រើនជាប្រវត្តិសាស្ត្រ ក្នុងនោះ អនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និង ម៉ាល់ឌីវ ក៏ត្រូវបានចុះហត្ថលេខា ផងដែរ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្នុងទីក្រុងម៉ាល ប្រទេសម៉ាល់ឌីវ ចំពោះមុខសម្តេច ហ៊ុន សែន និង ឯកឧត្ដមប្រធានាធិបតីនៃប្រទេសម៉ាលឌីវផងដែរ។

ឯកឧត្ដ បានបញ្ជាក់ថា គំនិតផ្ដួចផ្ដើមប្រកបដោយភាពឈ្លាសវៃរបស់សម្ដេច ហ៊ុន សែន ឲ្យសិក្សាលទ្ធភាពបង្កើតឲ្យមានក្របខណ្ឌ «ទិដ្ឋាការទោល គោលដៅពីរ»រវាងកម្ពុជា និង ម៉ាល់ឌីវ ពិតជាការឡានុវត្តភាពធំធេងសម្រាប់ជំរុញទេសចរពីប្រទេសទី៣ ដែលមកសម្រាកកម្សាន្តនៅសមុទ្រម៉ាល់ឌីវ អាចមកទស្សនាប្រាសាទអង្គវត្ត និងតំបន់ទេសចរណ៍បិតិកភណ្ឌ ឬគោលដៅទេសចរណ៍ដទៃទៀតនៅកម្ពុជា។

ទន្ទឹមនឹងនេះ ការសម្រេចរបស់សម្តេច ហ៊ុន សែន លើការសិក្សាជ្រើសរើសវិថីណាមួយនៅតំបន់ឆ្នេរកម្ពុជា ជាផ្លូវមិត្តភាពកម្ពុជា−ម៉ាល់ឌីវ ក៏នឹងក្លាយជាភាពទាក់ទាញសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរឲ្យធ្វើដំណើរទស្សនាទៅវិញទៅមក ហើយនឹងចូលរួមជំរុញមិត្តភាពនៃប្រទេសទាំងឲ្យកាន់តែល្អប្រសើរថែមទៀត។ ពាក់ព័ន្ធនឹងការហោះហើរត្រង់ ភាគីទាំងពីរក៏បានពិភាក្សាគ្នាដាក់ចុះផែនការអនុវត្តអនុស្សរណៈដែលមានការជំរុញឲ្យមានជើងហោះហើរត្រង់រវាងកម្ពុជា−ម៉ាល់ឌីវ, ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍, និងការរៀបចំឲ្យមានកញ្ចប់ទស្សនកិច្ចរួមជាដើម។

គួរបញ្ជាក់ថា មុនវិបត្តិកូវីដ-១៩ នៅឆ្នាំ២០១៩កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន ៦.៦ លាននាក់ កើនឡើង ៦.៦% ធៀបនឹងឆ្នាំ២០១៨ ហើយឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន ២.២លាននាក់ កើន ១០២០% ធៀបនឹងឆ្នាំ២០២១។ រីឯប្រទេសម៉ាល់ឌីវ ឆ្នាំ២០១៩ ទទួលបានទេសចរអន្តរជាតិចំនួន ១.៧ លាននាក់ ហើយនៅឆ្នាំ២០២២ ទទួលបានទេសចរអន្តរជាតិ ១.៦ លាននាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង