កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានសម្រេចបញ្ឈរជើងមន្រ្ដី«ចរាចរណ៍»១០នាក់ ទុកបណ្ដោះអាសន្ននៅការិ យាល័យបុគ្គលិកអនុវត្ត តាមវិន័យបទបញ្ជាកងកំលាំងនគរបាលជាតិ និង បន្ដធ្វើការស្រាវជ្រាវ ដេីម្បីចំណាត់ការនីតិវិធី។ការសម្រេចនេះ ក្រោយពីមន្ត្រីចរាចរណ៍ទាំង១០នាក់នោះជាប់ពាក់ព័ន្ធនឹងការផាកពិន័យប្រជាពលរដ្ឋ ហើយតម្រូវឱ្យបង់លុយតាមកុងធនាគារ។
ភ្លាមៗក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឆែក និងពិនិត្យ ស្វែងរកឈ្មោះ K hem S othearith ដូចគណនេយ្យធនាគារ ដែលអះអាងថា ជានគរបាល ខេត្ដកំពង់ស្ពឺ។ជាលទ្ធផលគណនេយ្យពិតជារបស់លោកអនុសេនីយ៍ឯក ខែម សុធារិទ្ធ អត្ដលេខ ៧៥៧៤៣ តួនាទីនាយផ្នែកការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ។
ក្រោយស្រាវជ្រាវរកឃើញស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានសម្រេចស្រាវជ្រាវ និងចំណាត់ការលេីមន្រ្ដីចរាចរណ៍ទាំង១០ នាក់ យកមកទុកបណ្ដោះអាសន្ននៅការិយាល័យបុគ្គលិកអនុវត្ត តាមវិន័យបទបញ្ជាកងកំលាំងនគរបាលជាតិ និង បន្ដធ្វើការស្រាវជ្រាវដេីម្បីចំណាត់ការនីតិវិធីបន្ដ ចំពោះម្ចាស់រថយន្តខាងលេី ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងស្រាវជ្រាវទាក់ទង ដេីម្បីសុំធ្វេីការជួប និងប្រគល់ថវិកាចំនួន២០០ដុល្លាជូនគាត់វិញ។
គួរបញ្ជាក់ថា កាលពីថៃ្ង ទី១៦ មករា ប្រជាពលរដ្ឋនៅតាមបណ្តាញសង្គមបានបង្ហោះរិះគន់ និង បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវប្រយ័ត្នចំណុចផ្លូវជាតិលេខ៤ ប៉ូលីសកំពង់ស្ពឺផាក២០០ដុល្លារ ហើយបានលុយចូលកុងដោយមិនឱ្យវិក្កយបត្រ និង បានចាំយកទូរស័ព្ទរបស់ប្រជាពលរដ្ឋទៅលុបរូបទៀតចេញទៀតផង។សកម្មភាពនេះ ត្រូវបានមហាជនរិះគន់ជាខ្លាំងរហូតឈានដល់សម្រេចបញ្ឈរជើង។