
ភ្នំពេញ៖ សមាគមអ្នកផលិត និង នាំចេញផលិតផលត្រចៀកកាំកម្ពុជា នាថ្ងៃទី១៥ មករា បានរៀបចំសិក្ខាសាលាស្តីពី «ការស្វែងយល់អំពី ភាពបរាជ័យ និង ភាពជោគជ័យ របស់ផ្ទះត្រចៀកកាំ» ក្នុងគោលបំណងរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំង និង បង្កើតស្តង់ដារ ផលិតផលត្រចៀកកាំកម្ពុជារួមមួយ ដើម្បីនាំចេញផលិតផលសំបុកត្រចៀកកាំពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និង បង្កើនបរិមាណផលិតប្រកបដោយគុណភាពខ្ពស់។
សមាគមអ្នកផលិត និង នាំចេញផលិតផលត្រចៀកកាំកម្ពុជា ធ្វើការប្រមូលផ្តុំ អ្នកផលិត កែច្នៃ និងអ្នកនាំចេញផលិតផលសំបុកត្រចៀកកាំពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីបង្កើនបរិមាណផលិតប្រកបដោយគុណភាពខ្ពស់ ស្របតាមបទដ្ឋានជាតិ និង អន្តរជាតិ និង ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
អ្នកជំនាញក្នុងវិស័យត្រចៀកកាំ បានលើកឡើងថា ភាគរយនៃភាពបរាជ័យនៃផ្ទះត្រចៀកកាំ មិនទាបជាង ៦០ភាគរយនោះទេ មិនថានៅកម្ពុជា ឬនៅប្រទេសឥណ្ឌូនេស៊ី ថៃ វៀតណាម និងម៉ាឡេស៊ី ក៏ជួបបញ្ហាប្រឈមនឹងភាពបរាជ័យនេះផងដែរ។ដូច្នេះអ្នកប្រកបអាជីពក្នុងវិស័យអភិរក្សសត្វត្រចៀកកាំ ត្រូវរួបរួមគ្នាដោះស្រាយ បញ្ហាប្រឈមទាំងអស់គ្នា និង បង្កើតស្តង់ដារ ផលិតផលត្រចៀកកាំកម្ពុជារួម ដើម្បីទុកជាប្រយោជន៍ដល់អ្នកអភិរក្សសត្វត្រចៀកកាំ អ្នកកែច្នៃផលិតផលទឹកមាត់ត្រចៀកកាំ ដើម្បីកាត់បន្ថយហានិភ័យក្នុងការប្រើប្រាស់ផលិតផលសំបុកត្រចៀកកាំ។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានផ្ទះត្រចៀកកាំ ២១៥០ផ្ទះ ក្នុងនោះផ្ទះដែលបានចុះបញ្ជី មានត្រឹមតែ ៣០០ផ្ទះប៉ុណ្ណោះ (ការចុះបញ្ជី គឺការចុះបញ្ជី «ថែរក្សាសត្វត្រចៀកកាំ») ខណៈតម្រូវការសំបុកត្រចៀកកាំទូទាំងពិភពលោកមានចំនួនជាង ៤០០០តោនក្នុងមួយឆ្នាំ តែសមត្ថភាព ផ្គត់ផ្គង់សរុប គឺមិនដល់៣០០០តោន ទេ ក្នុងនោះប្រទេសផ្គត់ផ្គង់ច្រើនជាងគេរួមមាន ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី វៀតណាម។
សមាគមអ្នកផលិត និង នាំចេញផលិតផលត្រចៀកកាំកម្ពុជា បានចាត់ទុកកង្វះខាតក្នុងការបំពេញតម្រូវការជាសាកលនេះ ជាឱកាសសម្រាប់កម្ពុជា ក្នុងការផ្គត់ផ្គង់សំបុកត្រចៀកកាំទៅទីផ្សារអន្តរជាតិ និង បានលើកទឹកចិត្តឱ្យអ្នកដែលមានផ្ទះត្រចៀកកាំ ចុះបញ្ជីថែរក្សាសត្វត្រចៀកកាំ ដើម្បីបានសម្លេងរួមច្រើនសម្រាប់ការចរចាជាអន្តរជាតិក្នុងការនាំចេញ នឹងរៀបចំឱ្យមានទីផ្សារលក់ដុំ (កន្លែងដាក់លក់ដេញថ្លៃ) សំបុកត្រចៀកកាំ ដើម្បីសម្រេចនូវគោលដៅរួមនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាមួយគ្នា៕

