
ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់សម្តេច ហ៊ុន សែន ទៅប្រទេសចិននៅថ្ងៃទី១០កុម្ភៈខាងមុខនេះ ប្រមុខដឹកនាំកម្ពុជា-ចិន នឹងពិភាក្សារៀបចំគម្រោងទាក់ទិនជាមួយនឹងផ្លូវរថភ្លើងល្បឿនលឿន ដើម្បីស្នើឲ្យមិត្តចិនជួយនៅក្នុងការជួយកសាងផ្លូវដែករបស់កម្ពុជា។ សម្តេចថ្លែងបែបនេះក្នុងជំនួបជាមួយអ្នកសារព័ត៌មានជាលើកទី៥ កាលពីថ្ងៃទី១៤មករា។
គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ សម្រាប់លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តភារកម្មកម្ពុជា បានសម្តែងនូវសាទរ និងកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ក្នុងការកសាងសេដ្ឋកិច្ចជាតិ។ នៅក្នុងនោះដែរមានក្រសួងចំនួនពីរសំខាន់ៗ គឺក្រសួងសេដ្ឋកិច្ច និងក្រសួងសាធារណការ ជំរុញឲ្យសិក្សាពីផ្លូវរថភ្លើងល្បឿនលឿន ដើម្បីតភ្ជាប់នូវការដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមលោកជាអ្នកបម្រើការក្នុងវិស័យដឹកជញ្ជូន លោកយល់ថានេះជាព័ត៌មានមួយល្អ។
លោកឧកញ៉ា ស៊ិន ចន្ធី បានបញ្ជាក់ថា ចំពោះវិស័យដឹកជញ្ជូនតាមផ្លូវរថភ្លើងគឺជាសក្កដានុពលមួយសំខាន់ ហើយល្អ ពីព្រោះការដឹកជញ្ជូនវាផ្តល់អត្ថប្រយោជន៍ច្រើន ជាពិសេសធ្វើឲ្យការដឹកជញ្ជូនមានតម្លៃទាប បើប្រៀបធៀបទៅនឹងការដឹកជញ្ជូនតាមផ្លូវថ្នល់។ ចំណុចមួយទៀត បើគិតពីសេដ្ឋកិច្ច និងបន្ទុកនោះគឺមានការកាត់បន្ថយការខូចខាតផ្លូវថ្នល់ ប៉ុន្តែបើតាមរថភ្លើងមានតម្លៃទាប ដឹកបានច្រើន និងរហ័ស។
សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់សម្តេចទៅប្រទេសចិននេះ ក៏បង្ហាញអំពីចំណងមិត្តភាពរវាងកម្ពុជា-ចិន ក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងក្របខណ្ឌជោគវាសនារួមរវាងកម្ពុជា-ចិន នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ និងជាមិត្តដែកថែបដែលកម្ពុជា-ចិន បានកសាងរួមគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា៕