ភ្នំពេញ៖ ក្រោមយុទ្ធនាការគំរូអហិង្សា ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ អង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា នឹងផ្សព្វផ្សាយវីដេអូចំនួន៨ ស្តីពី «អាណាព្យាបាលជំនាន់ថ្មី៖ បទពិសោធ និងការចងចាំពីកុមារភាព» នៃសិល្បករ សិល្បការិនី និងអ្នកផលិតមាតិកាចំនួន៤រូប រួមមាន លោកស្រី ឌុច លីដា លោកស្រី ដួង ម៉ាណា កញ្ញា វ៉ាន់ ម៉ៅហ្សូលីនដា (លីនវី) និងលោក ទៀង អេង លាង (Kai /ខាយ)។
វីដេអូទាំងនេះ នឹងត្រូវបានបង្ហោះនៅលើបណ្តាញសង្គមរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា ដូចជា Facebook | YouTube | Instagram និងទំព័រហ្វេសប៊ុករបស់សិល្បករ សិល្បការិនី និងអ្នកផលិតមាតិកាទាំង៤រូប។ វីដេអូខ្លីទាំងនេះ បង្ហាញពីការចែករំលែកបទពិសោធ ការចងចាំពីកុមារភាព ជាពិសេសការប្តេជ្ញាចិត្តក្នុងការចិញ្ចឹមកូនបែបវិជ្ជមានរបស់ពួកគាត់។
លោកស្រី ដួង ម៉ាណា ជាម្តាយ និងក៏ជាសិល្បការិនីមួយរូប ដែលចូលរួមនៅក្នុងយុទ្ធនាការគំរូអហិង្សា បានកត់សម្គាល់ពីសារៈសំខាន់ជាច្រើននៃការចិញ្ចឹមកូន ដោយមិនប្រើប្រាស់អំពើហិង្សា។ លោកស្រី ដួង ម៉ាណា បានលើកឡើងថា ៖ «ខ្ញុំសប្បាយរីករាយ ដែលបានចូលរួមជាមួយយុទ្ធនាការគំរូអហិង្សា ព្រោះយុទ្ធនាការនេះ ពិតជាមានសារៈសំខាន់ និងមានឥទ្ធិពលសម្រាប់អាណាព្យាបាលគ្រប់រូប រួមទាំងរូបខ្ញុំដែរ។ ខ្ញុំជឿថា ការអប់រំកូនបែបវិជ្ជមាន ការចិញ្ចឹមកូនដោយសេចក្តីស្រលាញ់ និងការយកចិត្តទុកដាក់ នឹងជួយឱ្យកូនលូតលាស់ធំធាត់បានល្អ ព្រមទាំងមានអនាគតល្អប្រសើរ»។
ទោះជាមិនទាន់មានបទពិសោធក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន លោក ទៀង អេង លាង ( Kai /ខាយ) ដែលជាសិល្បករមួយរូបដែរនោះ យល់ឃើញថា អាណាព្យាបាលគ្រប់រូប គួរចាប់ផ្តើម ផ្លាស់ប្តូរឥរិយាបថ ក្នុងការអប់រំកូន ហើយជ្រើសរើសវិធីសាស្រ្តដែលវិជ្ជមាន ដើម្បីបង្កើតការចងចាំពីកុមារភាពដ៏ល្អសម្រាប់ពួកគេ។
លោកខាយ បានបន្ថែមថា៖ «គ្រប់ក្រុមគ្រួសារ តែងតែមានរបៀបក្នុងការរស់នៅផ្សេងៗគ្នា។ តួយ៉ាងសម្រាប់ខ្ញុំ អ្វីដែលខ្ញុំទទួលបានពីឪពុកម្តាយ ហើយខ្ញុំចង់អនុវត្តតាមពួកគាត់នោះ គឺការចំណាយពេលជាមួយគ្នា ពិភាក្សាដោយបើកចំហរ ព្រមទាំងការបង្កើតស្នាមញញឹម និងសំណើចនៅក្នុងគ្រួសារ។ ខ្ញុំចង់ឱ្យការចងចាំរបស់កុមារទាំងអស់ អំពីកុមារភាពរបស់ពួកគេ ដូចរូបគំនូរ ដែលមានវាលស្មៅពណ៌បៃតងស្រស់»។
លោកស្រី ឈឹម រតនា ប្រធានយុទ្ធនាការនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា បានមានប្រសាសន៍ថាការប្រើប្រាស់អំពើហិង្សាលើកុមារនៅតែកើតមាន ដែលទាមទារឱ្យភាគីពាក់ព័ន្ធ ត្រូវបន្តធ្វើការរួមគ្នាទៀត ក្នុងការលុបបំបាត់ និងបញ្ឈប់អំពើហិង្សាលើកុមារ នៅកម្ពុជា។
ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ អង្គការទស្សនៈពិភពលោក បានអនុវត្តគម្រោងនានា ពាក់ព័ន្ធនឹងកិច្ចការពារ និងការចូលរួមរបស់កុមារ ជាពិសេស គឺការបញ្ឈប់អំពើហិង្សាលើកុមារគ្រប់រូបភាព។ នៅក្នុងឆ្នាំ ២០២២ គម្រោងកិច្ចការពារលើកុមាររបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា បានផ្តល់ផលដល់កុមារចំនួនជាង ៣សែននាក់ ក្នុងនោះមានកុមារងាយរងគ្រោះចំនួនជាង ២សែននាក់។
ប្រធានយុទ្ធនាការនៃអង្គការទស្សនៈពិភពលោក រំពឹងថា ៖ «តាមរយៈការបញ្ចាំងវីដេអូទាំង៨ ដែលជាផ្នែកមួយនៃយុទ្ធនាការគំរូអហិង្សានេះ នឹងជួយលើកកម្ពស់ការយល់ដឹងរបស់សាធារណជន អំពីការអប់រំកូនតាមបែបវិជ្ជមាន និងទំនាក់ទំនងអន្តរជំនាន់ ជាពិសេសបង្កើតទម្លាប់សន្ទនាគ្នាអស់ពីដួងចិត្ត ក្នុងការបង្កើតទំនាក់ទំនងរវាងអាណាព្យាបាល ជាមួយកូនៗឱ្យកាន់តែស្និទស្នាល»។
លើសពីនេះទៀត លោកស្រី ក៏បានសំណូមពរដល់ដៃគូពាក់ព័ន្ធ សិល្បករ និងសាធារណជន បន្តចូលរួមយុទ្ធនាការគំរូអហិង្សា តាមរយៈការផ្លាស់ប្តូរឥរិយាបថ ក្នុងការអប់រំ និងការចិញ្ចឹមកូន។
បច្ចុប្បន្ន មាន៨៧ប្រទេសកំពុងចូលរួមក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ តាមរយៈយុទ្ធនាការគំរូអហិង្សា ជាសកល ហើយកម្ពុជាបានចាប់ផ្តើមយុទ្ធនាការនេះនៅឆ្នាំ២០១៧។ យុទ្ធនាការគំរូអហិង្សា មានគោលបំណងផ្លាស់ប្តូរអត្តចរិត និងអាកប្បកិរិយាឪពុកម្ដាយ អាណាព្យាបាល និងគ្រូ អំពីការដាក់ពិន័យលើរាងកាយ និងធ្វើឱ្យកុមារអាម៉ាស់ ការផ្ដល់ភាពអង់អាចដល់កុមារ មានភាពធន់ តស៊ូមតិ និងការពង្រឹងយន្តការការពារកុមារ នៅក្នុងមូលដ្ឋានក្នុងការបញ្ឈប់អំពើហិង្សាលើកុមារ៕