ភ្នំពេញ៖ ក្រោយចិនបើកលំហូរទទួលទេសចរណ៍ និង មិនការរឹតត្បិតកូវីដ ទំនាក់ទំនងរវាងអ្នករកស៊ីក៏ដូចជាផ្នែកផ្លូវរដ្ឋរវាងកម្ពុជា-ចិន កាន់តែល្អប្រសើរឡើង ហើយភ្ញៀវទេសចរចិន និងអ្នកវិនិយោគចិន នឹងមកកម្ពុជាកាន់តែច្រើន។ លើសពីនេះ វិស័យអចលនទ្រព្យកម្ពុជាក៏កាន់តែមានតម្រូវការខ្ពស់ឡើងវិញផងដែរ ព្រោះការចូលមករបស់ភ្ញៀវទេសចរចិន ក៏ដូចជាអ្នកវិនិយោគចិន អាចធ្វើឱ្យអាគារស្នាក់នៅ សណ្ឋាគារ និងទីតាំងកសាងរោងចក្រឧស្សាហកម្មផ្សេងៗ ដែលជាផ្នែកមួយនៃវិស័យដីធ្លីកាន់តែមានទីផ្សារល្អ។ នេះជាការលើកឡើងរបស់ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍។
ឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ក្នុងនាមជាសភាពាណិជ្ជកម្មដែលតំណាងឱ្យវិស័យឯកជនឧកញ៉ាបានអបអរសាទរដែលចិនបានបើកប្រទេសឡើងវិញ ព្រោះនេះជាការទន្ទឹងរងចាំរបស់ប្រទេសកម្ពុជាដើម្បីឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ត្រូវបាអនុវត្តយ៉ាងពេញលេញ និងរលូន។
ឧកញ៉ាសង្ឃឹមថា ក្រោយបើកលំហូរឬការមិនរឹតត្បិតកូវីដនេះនឹងធ្វើឱ្យទំនាក់ទំនងរវាងអ្នករកស៊ីក៏ដូចជាផ្នែកផ្លូវរដ្ឋរវាងកម្ពុជា-ចិន កាន់តែល្អប្រសើរឡើង ហើយភ្ញៀវទេសចរចិន និងអ្នកវិនិយោគចិន នឹងមកកម្ពុជាកាន់តែច្រើន។
តែទោះជាយ៉ាងណា ចំពោះការវិនិយោគចិន គឺមិនទាន់មកវិនិយោគនៅកម្ពុជាច្រើនដូចមុនគ្រាកូវីដនោះទេ ព្រោះចិនទើបតែប្រកាសបើកប្រទេសថ្មីៗ ហើយត្រូវការពេលវេលាក្នុងការសិក្សាក៏ដូចជាការរៀបចំផែនការដើម្បីមកវិនិយោគឬត្រូវជ្រើសរើសគោលដៅទេសចរណ៍មកកម្សាន្តនៅកម្ពុជាជាមុនសិន។
ឧកញ៉ាបញ្ជាក់ថា បើទោះជាវិនិយោគិនចិនមិនទាន់អាចវិនិយោគនៅកម្ពុជាបានច្រើនដូចមុនគ្រាកូវីដក៏ដោយ ប៉ុន្តែបច្ចុប្បន្នកម្ពុជានៅតែទទួលបានលំហូរជនជាតិចិនមកវិនិយោគបន្ដិចម្ដងៗ ហើយស្របពេលដែលកម្ពុជាកំពុងតែអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ឧកញ៉ាជឿថា ពេលដែលស្ថានភាពកូវីដបានធូរស្បើយ នោះអ្នកវិនិយោគចិននឹងមកម្ពុជាច្រើនឡើងវិញ ជាពិសេស កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរចិនបានច្រើនវិញ ព្រោះបច្ចុប្បន្នសង្កេតឃើញថា ការហោះហើរពីបណ្ដាប្រទេសផ្សេងៗចូលកម្ពុជាកំពុងមានជាបណ្ដើរៗផងដែរ៕