Yearendyearend1140x150

ការប្រកួតកីឡាស៊ីហ្គេមនិងកីឡាអាស៊ានប៉ារ៉ាហ្គេម ជាព្រឹត្តិការណ៍កីឡាគ្មានផ្សែងថ្នាំជក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានចេញសេចក្តីណែនាំកាលពីថ្ងៃទី០៣ មករា ហាមការជក់ផលិតផលថ្នាំជក់គ្រប់ប្រភេទ រួមទាំងបារីអេឡិចត្រូនិកនៅក្នុងព្រឹត្តិការណ៍ទាំងមូលនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ការផ្សាយពាណិជ្ជកម្មបារី ឬបារីអេឡិចត្រូនិក និងការឧបត្ថម្ភផ្សេងៗរបស់ក្រុមហ៊ុនថ្នាំជក់ ឬក្រុមហ៊ុនបារីអេឡិចត្រូនិកក្នុងព្រឹត្តិការណ៍កីឡានេះ ក៏ត្រូវបានហាមឃាត់ រួមទាំងការឧបត្ថម្ភក្នុងការផ្សាយផងដែរ។

ឯកឧត្ដម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា អនុលោមតាមសេចក្តីសម្រេចនេះ គ្រប់សម្ភារៈផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះ នឹងមានការបញ្ចូលស្លាកសញ្ញាហាមជក់បារី និងបារីអេឡិចត្រូនិកដែលជាការចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទៅ។ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក៏បានបន្តរក្សាវប្បធម៌កីឡាគ្មានផ្សែងថ្នាំជក់នេះដែលអនុលោមតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៣មក ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រកួតកីឡាដោយគ្មានផ្សែងថ្នាំជក់។ ប្រទេសវៀតណាម បានក្លាយជាប្រទេសទី១ ដែលបានសម្រេចជោគជ័យព្រឹត្តិការណ៍ប្រកួតកីឡាដោយគ្មានផ្សែងថ្នាំជក់ ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី២២ នៅឆ្នាំ២០០៣។ ព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ ដូចជាព្រឹត្តិការណ៍កីឡាហ៊្វីហ្វា «FIFA» ជាដើម សុទ្ធតែមានគោលការណ៍ហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះការប្រើប្រាស់ ការផ្សាយពាណិជ្ជកម្ម និងការឧបត្ថម្ភ ក្នុងការប្រកួតទាំងមូល។

ការប្រើប្រាស់ផលិតផលថ្នាំជក់ បណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព សេដ្ឋកិច្ច និងបរិស្ថាន។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥,០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់។ ជំងឺទាំងនោះរួមមាន ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់។ល។ លើសពីនេះទៀត ការប្រើប្រាស់ថ្នាំជក់មិនត្រឹមតែធ្វើឱ្យខាតបង់ផលិតភាព សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យកើនដល់កម្តៅភពផែនដីតាមរយៈការបំភាយឧស្ម័នកាបូនឌីអុកស៊ីតទៅក្នុងបរិយាកាស និងការបង្កឲ្យមានកើនឡើងនៃកាកសំណល់ជាតិពុលផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង