.jpg?1673258801)
ភ្នំពេញ៖ ក្រុមហ៊ុន NIPPON KOEI ទទួលបានការគាំទ្រពីសមាគមសហប្រតិបត្តិការដឹកជញ្ជូន ជប៉ុន បានកំពុងសិក្សាលើគម្រោងកែលម្អផ្លូវរថភ្លើងភាគខាងជើងនៃប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរ ខណៈវិស័យដឹកជញ្ជូននៅកម្ពុជាកាន់តែមមាញឹកពីមួយថ្ងៃទៅមួយថ្ងៃ។គម្រោងសិក្សានេះ កំពុងទទួលបានការស្វាគមន៍ពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៩ មករានេះ បានពិភាក្សាការងារជាមួយក្រុមហ៊ុន NIPPON KOEI គម្រោងកែលម្អប្រពន្ធ័ដឹកជញ្ជូនអ្នកដំណើរ តាមរថភ្លើងនៅតាមតំបន់ចំនួនរបស់ប្រទេសកម្ពុជា។ជាជំនួបរៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ពីបទបង្ហាញរបស់ក្រុមការងារជំនាញនៃក្រុមហ៊ុន NIPPON KOEI ។
បើតាមក្រសួងសាធារណការ គម្រោងកែលម្អប្រពន្ធ័ដឹកជញ្ជូនអ្នកដំណើរ តាមរថភ្លើងនៅតាមតំបន់ចំនួន បីនៃផ្លូវដែកភាគខាងជើងរួមមាន៖ បាត់ដំបង សិរីសោភ័ណ និងប៉ោយប៉ែត ដើម្បីចូលរួមចំណែកក្នុងការប្រើប្រាស់ផ្លូវរថភ្លើងដែលមានស្រាប់សម្រាប់ការដឹកជញ្ជូនឱ្យបានកាន់តែប្រសើរឡើង។
ក្រៅពីគម្រោងនេះ ក្រសួងសាធារណការ បានស្នើឱ្យក្រុមហ៊ុនជប៉ុនេះ ពិចារណាលើការសិក្សាលើគម្រោងផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ ជាពិសេស ការសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងក្នុងទីក្រុង(Tramway) ដែលជាប្រភេទដឹកជញ្ជូនមួយបែបមានការនិយមចូលចិត្តប្រើប្រាស់ពីសំណាក់ប្រជាពលរដ្ឋ មានតម្លៃថោក ផ្ដល់ភាពងាយស្រួលក្នុងការវិនិយោគដោយសារតម្លៃរបស់វាថោក ធៀបនឹងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ដែលទីភ្នាក់ងារJICAបានសិក្សារួចកន្លងមក។
សូមជម្រាបថា ក្រុមហ៊ុន NIPPON KOEI ទទួលបានការគាំទ្រពីសមាគមសហប្រតិបត្តិការដឹកជញ្ជូន ជប៉ុន ឬហៅកាត់ថា JTCA (Japan Transport Cooperative Association) ជាអង្គភាពសហប្រតិបត្តិការអន្តរជាតិតែមួយគត់របស់ប្រទេសជប៉ុន ដែលផ្តោតជាសំខាន់លើអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន៕