
កំពង់ចាម៖ កំណាត់ផ្លូវជាតិលេខ ៧ ពីស្គន់ទៅក្រុងកំពង់ចាម នៅថ្ងៃទី ៩ មករានេះ ត្រូវបានបើកការដ្ឋានពង្រីកជាផ្លូវការហើយ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកអគ្គរដ្ឋទូត ចិន ប្រចាំកម្ពុជា។ផ្លូវនេះគម្រោងពី ២គន្លង ទៅ ៤គន្លង ពីរង្វង់មូលស្គន់-ស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន។
កំណាត់ផ្លូវជាតិលេខ៧នេះមានប្រវែងប្រមាណ ៤៥,៤៨ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និង ពង្រីកទទឹងតួផ្លូវពី២គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ ម៉ែត្រ និង សួនពុះទ្រូងផ្លូវ ១,៥ម៉ែត្រ។
កំណាត់ផ្លូវជាតិនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ ៧១ ត្រង់ចំណុចផ្លូវបំបែកត្រើងទៅកាន់ស្រុកចំការលើ និង ចំណុចផ្លូវបំបែកកំពង់ថ្ម និង តភ្ជាប់ទៅស្រុកស្ទឹងត្រង់ តភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ៨ និង ផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និង តភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦ និងផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរីផងដែរ។
រដ្ឋាភិបាលកម្ពុជា បានចាត់ទុក ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និង ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល តភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្ត ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ជាពិសេសទំហំចរាចរណ៍ និង កំណើននៃការដឹកជញ្ជូនដែលមានការកើនឡើងយ៉ាងគំហុក។
បើតាមគម្រោងផ្លូវជាតិលេខ៧ប្រើប្រាស់រយៈពេលសាងសង់ ៤០ខែ គ្រោងចំណាយថវិកាសរុបប្រមាណជាង ១១៧ លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់កម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕




