
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានព្យាករណ៍ពីសេដ្ឋកិច្ចរបស់កម្ពុជាថា នឹងសម្រេចបានកំណើន ៦.៦% នៅឆ្នាំ២០២៣ ហើយជីវភាពប្រជាជនរក្សាបានភាពនឹងន ជាពិសេសប្រជាជនក្រីក្រ។ការអះអាងនេះ ធ្វើឡើងក្នុងទិវាអបអរសាទរថ្ងៃជ័យជម្នះ៧មករា នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីម្សិលមិញ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងសម្រេចបានកំណើន ក្នុងរង្វង់ ៥.៥% ក្នុងឆ្នាំ២០២២ និង ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើន ៦.៦% នៅឆ្នាំ២០២៣។ ព្រមជាមួយនេះ ជីវភាពប្រជាជនរក្សាបានភាពនឹងន ជាពិសេសប្រជាជនក្រីក្រ និង ងាយរងគ្រោះដែលរងឥទ្ធិពលខ្លាំងពីវិបត្តិជំងឺកវីដ-១៩ រួមទាំងប្រជាជនងាយរងហានិភ័យពីសម្ពាធនៃការឡើងថ្លៃ ទំនិញជាសាកល និង ប្រជាជនរងគ្រោះដោយទឹកជំនន់ តាមរយៈការអនុវត្តកម្មវិធី និង វិធានការអន្តរាគមន៍សង្គមកិច្ចនានាបានទាន់ពេល។
បើតាមសម្តេច ហ៊ុន សែន នៅឆ្នាំ២០២៣នេះ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធត្រូវបានដំឡើងប្រាក់ប្រៀវត្សមួយកម្រិតទៀត ព្រមជាមួយនេះ ប្រាក់សោធននិវត្តន៍ របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ក៏ត្រូវបានកែសម្រួល និងដំឡើងផងដែរ។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ ក៏ត្រូវបានដំឡើងដល់២០០ដុល្លារ រួមទាំងការបន្តទទួលបាន អត្ថប្រយោជន៍ផ្សេងៗទៀត ពីការអនុវត្តគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាល។
សម្តេច ហ៊ុន សែន បានចាត់ទុកសន្តិភាព ស្ថិរភាពនយោបាយ និង សន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និង ការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន ត្រូវបានការពារយ៉ាងគត់មត់ ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល និង អំពាវនាវប្រជាពលរដ្ឋត្រូវរួបរួមគ្នាថែរក្សាសន្តិភាព ពង្រឹងឯកភាពជាតិខ្មែរ និងរួមគ្នាថែរក្សាសមិទ្ធផលជាតិទាំងឡាយអោយបាននៅគង់វង្សស្ថិតស្ថិរ ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិគ្រប់ជំនាន់៕