Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ក្រុមហ៊ុន Walmart របស់អាម៉េរិកមានបំណងពង្រីកអាជីវកម្មខ្លួននៅក្នុងប្រទេសកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុន Walmart ជាដៃគូពាណិជ្ជកម្មដ៏ល្អ ជាមួយអ្នកផលិតនៅកម្ពុជា លើវិស័យសម្លៀកបំពាក់ វាយនភ័ណ្ឌ និងកសិកម្ម មានបំណងពង្រីកអាជីវកម្មរបស់ខ្លួន និងធ្វើកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃគូ ក្នុងសកម្មភាពធុរកិច្ច វិនិយោគ ក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា ជាពិសេសស្រ្តី ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ នេះជាការលើកឡើងរបស់ លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart ប្រចាំរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាម៉េរិក នាឱកាសពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តាមប្រព័ន្ធវីដេអូ។

នាឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានគាំទ្រពេញទំហឹង ចំពោះគោលបំណងរបស់ក្រុមហ៊ុន Walmart ក្នុងការទិញទំនិញពីកម្ពុជាបន្ថែមទៀត ដូចជាផលិតផលគ្រឿងសង្ហារឹម អេឡិចត្រូនិក និងជាពិសេសផលិតផលកសិកម្មសំខាន់ៗពីកម្ពុជា ដែលបំពេញបានតាមស្តង់ដារអន្តរជាតិ។ ការជំរុញទិញផលិតផលបន្ថែមពីកម្ពុជាគឺសំដៅរួមចំណែកក្នុងការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ក្រសួងពាណិជ្ជកម្ម នឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុន Walmart វិស័យឯកជន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប លោកស្រី Anbinh Phan បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានអបអរសាទរជូនក្រសួងពាណិជ្ជកម្ម ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ដូចជា RCEP កម្ពុជា-ចិន កម្ពុជា-កូរ៉េ ជាដើម។

ជាកិច្ចបញ្ចប់ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានបញ្ជាក់សាជាថ្មីនូវការខិតខំសហការជាមួយក្រុមហ៊ុន Walmart និងគាំទ្ររាល់គោលបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងធុរកិច្ចនៅកម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង